ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួន ស្ត្រី​អ្នកជំនួញ​ហា​យ​សូ​ម្នាក់​ទៀត​ហើយ ពាក់ព័ន្ធឆបោក​ប្រាក់

ចែករំលែក៖

ភ្នំពេញ ៖ លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង និង​ជា​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួនស្ត្រី​អ្នកជំនួញ​រកស៊ី​លក់​ផលិតផល​តាម​អន​ឡាញ​ម្នាក់​ទៀត​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឆបោកប្រាក់​អ្នក​ដទៃ ។

ជនត្រូវចោទ ​ឈ្មោះ ធូ លី​តា អាយុ​២៨​ឆ្នាំ មុខរបរ លក់​ផលិតផល​តាម​អន​ឡាញ ស្នាក់​នៅផ្ទះ​លេខ​១២៩c ផ្លូវ​លេខ​៤ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បាន​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ ពិនិត្យ​ពី​បទ​.​ឆបោក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៩ រហូត​ដល់​បច្ចុប្បន្ន​។ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​ជម្រាប​ថា លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ចេញ​ដីកា​បង្គាប់​សមត្ត​កិច្ច​នាំ​ខ្លួន ស្ត្រី​ឈ្មោះ ធូ លី​តា ដើម្បី​យក​ទៅ​សាកសួរ​លើ​ពាក្យបណ្តឹង​ឆបោក ។

ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​នោះ បាន​ធ្លាក់​ដល់​ដៃ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដែល​បាន​យក​ទៅ​អនុវត្ត ទើប​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ បាន​រក​ឃើញ និង​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ប្រគល់​ជូន​ចៅក្រម​ស៊ើបសួរ បន្ទាប់​ពី​ជន​នោះ បាន​គេចខ្លួន​មួយ​រយៈ ។ លុះ​ពេល​សមត្ត​កិច្ច​នាំ​ជនសង្ស័យ​ទៅ ដល់​ចៅក្រម​ស៊ើបសួរ​មិន​អូស​បន្លាយ​យូ​ទេ ក៏​សម្រេច​ចេញ​ដីកា​បង្គាប់​ឃុំខ្លួន​ស្ត្រី​ហា​យ​សូ លក់​ផលិតផល​តាម​អន​ឡាញ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន នា​ល្ងាច​ថ្ងៃ​ដដែល​នេះ តែ​ម្តង ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖