ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការប្រកាសជាផ្លូវការ តម្កើងបៀវត្សអប្បបរមាជូនកម្មករ នឹងធ្វើឡើងមុនបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តរួចហើយ ក្នុងការបន្តផ្ដល់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ដល់បងប្អូនកម្មករនិយោជិត ជាពិសេសប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ គឺត្រូវតែមានការដំឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត ២ម៉ឺននាក់ ក្នុងស្រុកបាទី ខេត្តតាកែវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រសួងការងារត្រូវសន្យាជាមួយរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចសម្រេចឱ្យបាន ចំពោះកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤ ខណៈក្រសួងបានឯកភាពគ្នារួចហើយកំណត់កិច្ចពិភាក្សាចុងក្រោយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ តាមរយៈការបោះឆ្នោតសម្រេចលើតួរលេខរួមមួយ។ 

នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅដល់ប្រជាពលរដ្ឋជាពិសេសអ្នកវិភាគដែលតែងតែវាយប្រហារមកកាន់កម្ពុជាឲ្យគិតពីប្រយោជន៍របស់កម្ពុជាខ្លះផង។

សម្ដេចថាកម្ពុជាធ្វើទំនាក់ទំនងជាមួយនឹងអន្តរជាតិមិនថាប្រទេសកុម្មុយនិស្ត ឬសេរីទេ គឺដោយស្មើមុខមាត់និងមានគោលដៅតែមួយគត់គឺដើម្បីប្រយោជន៍របស់ប្រជាពលរដ្ឋតែមួយគត់។

សម្ដេចបានឆ្លើយតបទៅកាន់អ្នកវិភាគដែលបានវាយប្រហារថាកម្ពុជាចាប់ចិននឹងធ្វើឲ្យប្រទេសកម្ពុជាជួបគ្រោះថ្នាក់នៅពេលអនាគតថា សម្ដេចក៏មានកូននឹងមានចៅ ចៅទួត នៅពេលអនាគតផងដែរ។ ដូច្នេះសម្ដេចនឹងមិនឲ្យកូនចៅរបស់សម្ដេចបាត់បង់នៅអត្តសញ្ញាណជាតិខ្មែរនោះទេ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតបានដាក់នៅទិសដៅមួយដើម្បីជម្រុញនូវការនាំចេញផលិតផលកម្ពុជាទៅកាន់ពិភពលោកតាមរយៈ «យុទ្ធសាស្ត្រមួយ ផែនការមួយ និងសំឡេងមួយ»។ យុទ្ធសាស្ត្រនេះគឺធ្វើការរួមគ្នារវាងរដ្ឋាភិបាលនិងឯកជនក្នុងការដាក់គោលដៅធ្វើយ៉ាងណានាំចេញផលិតផលកម្ពុជាឲ្យបានទៅដល់អន្តរជាតិ។

សម្ដេចថា៖ «កន្លងទៅទោះបីជាយើងមានសហគមន៍ក៏ដោយយើងប្រកួតប្រជែងគ្នាឯង។ដល់ពេលយើងប្រកួតប្រជែងគ្នាឯងអត់បានមើលប្រទេសជិតខាងគេសហគមន៍ធំណាស់គេរួមគ្នា។ អញ្ចឹងយើងត្រូវរួមគ្នា។តូចៗតែរួមគ្នាបាន»៕

ដោយ ៖ សិលា


ចែករំលែក៖