ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពលរដ្ឋមានកូនឱ្យបានច្រើន ដើម្បីជំរុញកំណើនធនធានមនុស្សនៅកម្ពុជា

ចែករំលែក៖

ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ថ្លែងថា លើកទឹកចិត្តឱ្យគ្រួសារប្រជាពលរដ្ឋនីមួយៗទូរទាំងប្រទេសមានឱ្យបានកូនច្រើន ដើម្បីជំរុញកំណើនធនធានមនុស្ស ឱ្យលើសចំនួនប្រជាជនកម្ពុជាបច្ចុប្បន្នសរុប ១៥លាននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត ២ម៉ឺននាក់ ក្នុងស្រុកបាទី ខេត្តតាកែវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា សូមកុំរងចាំរយៈពេល ២០ឆ្នាំ ទៅ៣០ឆ្នាំ ទៀត បាននាំគ្នាខិតខំជំរុញកំណើនមនុស្ស ហាក់ដូចជាហួសពេលបន្តិច ដូច្នេះត្រូវនាំគ្នាគិតគូរយកកូនឱ្យបានច្រើន ចាប់ពីពេលឥឡូវនេះទៅវិញ ល្អប្រសើរជាង ។ បើរងចាំនៅឆ្នាំ២០៥០ នោះកម្ពុជា ចូលដល់ដំណាក់កាលប្រទេសអ្នកមាន មានចំណូលមធ្យមកម្រិតខ្ពស់ ធ្វើឱ្យកំណើនសេដ្ឋកិច្ចកើនឡើង នាំដល់ផលវិបាកនៃការយកកូនច្រើន ត្រូវចំណាយច្រើន និងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ចិញ្ចឹមបីបាច់ថែរក្សាកូនផងដែរ។ ដូច្នេះពេលវេលាឆ្នាំ ២០២៣នេះ ជាឱកាសល្អសម្រាប់ជំរុញគ្រួសារនីមួយៗត្រូវនាំគ្នាខិតខំយកកូនឱ្យបានច្រើន ដើម្បីជួយជំរុញកំណើនធនធានមនុស្សឱ្យកើនឡើង ក្នុងគោលដៅជួយអភិវឌ្ឍវិស័យធនធានមនុស្សកម្ពុជាផង និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរឹងមាំថែមទៀត។ 

សូមបញ្ជាក់ថា : នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ជំហរគោលនយោបាយបរទេសរបស់កម្ពុជា គឺប្រកាន់ខ្ជាប់នូវឯករាជ្យភាពម្ចាស់ការលើខ្លួនឯង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គោលនយោបាយការបរទេសរបស់កម្ពុជា គឺប្រកាន់យកផលប្រយោជន៍ជាតិជាធំ ហើយនេះជាគោលនយោបាយការបរទេសរបស់កម្ពុជាដែលត្រូវអនុវត្តន៍ជាមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺឈរលើមូលដ្ឋានអធិបតេយ្យភាព ឯករាជ្យភាពផ្អែកទៅលើច្បាប់ អនុវត្តន៍ដោយវ័យឆ្លាត ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «បងប្អូនកុំព្រួយបារម្ភ យើងធ្វើអ្វីក៏ដោយ ដោយផ្អែកលើផលប្រយោជន៍ជាតិជាធំ មិនធ្វើឱ្យបាត់ផលប្រយោជន៍ជាតិនោះទេ»៕

 

ដោយ ៖ សិលា


ចែករំលែក៖