ព័ត៌មានទាន់ហេតុការណ៍៖

អធិការរងខណ្ឌព្រែកព្នៅម្នាក់ធ្លាក់ពីលើអគារ the skyline នៃជាន់ទី៣៧​ ដាច់សាកសពជាពីរកំណាត់ ខណៈព្យាយាមរត់គេច​ពីសមត្ថកិច្ចបង្រ្កាបគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ អធិការរងខណ្ឌព្រែកព្នៅម្នាក់ សង្ស័យកំពុងជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នៅក្នុងបន្ទប់ជាន់ទី៣៧ នៃអគារស្កាយឡាញ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបរហូតដល់ជនរងគ្រោះដែលជាជនសង្ស័យបានព្យាយាមតោងបង្អួច ដើម្បីរត់គេចខ្លួនពីកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនធ្វើឱ្យរបូតដៃធ្លាក់មកខាងក្រោមស្លាប់ភ្លាមៗ។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចអគារ the skyline តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    យោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ច លោកអធិការរងខណ្ឌព្រែកព្នៅម្នាក់បានធ្លាក់ពីលើអគារដែលមានឈ្មោះ the sky line ជាន់ទី៣៧ បណ្ដាលឱ្យធ្លាក់មកដាច់ខ្លួនជាពីរកំណាត់ស្លាប់ភ្លាមៗ ខណៈដែលព្យាយាមតោងបង្អួចដើម្បីគេចខ្លួនពីកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ខណៈចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅបន្ទប់ជនរងគ្រោះដែលធ្លាក់នោះ ដោយកម្លាំងសមត្ថកិច្ចបានស៊ើបអង្កេតនិងដាក់ការសង្ស័យថា នៅបន្ទប់ជនរងគ្រោះដែលជាជនសង្ស័យកំពុងស្នាក់នៅនេះមានបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

    យោងតាមការបំភ្លឺរបស់មេសន្តិសុខ អគារ​Sky line ឱ្យដឹងថា: នៅម៉ោងកើតហេតុខាងលើ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀនបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននៅបន្ទប់កើតហេតុ។ ពេលនោះ ជនសង្ស័យ​បានព្យាយាម​គេចឆ្លងតាមបង្អួចក៏របូតដៃធ្លាក់ទៅក្រោមបណ្ដាលឱ្យស្លាប់។

    តាមប្រភពព័ត៌មានបានបញ្ជាក់ថា សពជនសង្ស័យឈ្មោះ ហឿង ភីរុណ ភេទប្រុស អាយុ​២៨ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអធិការរងខណ្ឌព្រែកព្នៅ ដែលមាន​ទីលំនៅក្នុងភូមិ​ព្រែកមហាទេព សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។​ 

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឮសំឡេងធ្លាក់មកខាងក្រោមរហូតបង្កការភ្ញាក់ផ្អើលដល់អ្នកនៅម្តុំនោះនាំគ្នារត់ទៅមើល ស្រាប់តែឃើញបុរសម្នាក់ បានធ្លាក់មកដល់ដីដោយសភាពដាច់ខ្លួនជាពីរតែម្ដង ពេលនោះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះធ្វើអន្តរាគមន៍។ នៅពេលដែលកម្លាំងសមត្ថកិច្ចបានមកដល់នៅទីតាំងកើតហេតុ បានធ្វើកោសល្យវិច័យទៅលើសាកសព និងទំនាក់ទំនងឆែករកភស្តុតាង និងមូលហេតុនៃការធ្លាក់របស់ជនរងគ្រោះ ទើបកម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា ការធ្លាក់របស់ជនរងគ្រោះគឺជាអំពើធ្វើអត្តឃាតខ្លួនឯងដោយលោតចុះពីលើអគារ។

    ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានយកសាកសពទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖