ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖​ ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម​ មានសារសំខាន់សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ ប្រើប្រាស់ដើម្បីពិនិត្យមើលស្ថានភាពនៃការថែទាំបឋមក្នុងតំបន់របស់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅសណ្ឋាគារសុខាភ្នំពេញ។

នៅក្នុងឱកាសនេះ លោកស្រីវេជ្ជបណ្ឌិត មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ប្រកបដោយកតញ្ញុតាធម៌ និងសេចក្ដីគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានចាត់តាំងឲ្យលោកជំទាវ ចូលរួមធ្វើជាតំណាងរបស់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនេះ។

តាងនាមឱ្យក្រសួងសុខាភិបាល លោកស្រី​ បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការលើកកម្ពស់សុខុមាលភាពប្រជាជនគឺជាគោលនយោបាយអាទិភាពចម្បងមួយ ក្នុងចំណោមគោលនយោបាយអភិវឌ្ឍតាមវិស័យ ដោយមានការលើកកម្ពស់ទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាសុខាភិបាលសុខភាពឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល នៅដំណាច់ឆ្នាំ២០៣០ ដូចនេះ ក្រសួងសុខាភិបាលបានដាក់ចេញនូវ សកម្មភាពជាអាទិភាពសំខាន់ៗ ចំនួន ៩ រួមមាន៖ ការអប់រំសុខភាពប្រជាជន លើកកម្ពស់ស្ថានភាពសុខភាពប្រជាជន ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺមិនឆ្លង ការទប់ស្កាត់ នឹងការរីករាលដាលជំងឺឆ្លងជាសាកលនានាដែលកើតមាន ផលប៉ះពាល់សុខភាពបណ្តាលពីការប្រែប្រួលអាកាសធាតុ ការពង្រឹងការពិនិត្យព្យាបាល លើកកម្ពស់គុណភាពសេវា និយតកម្មវិស័យឯកជន ការអភិវឌ្ឍន៍ធនធានមនុស្ស និងសុខភាពឌីជថល។ ក្នុងនោះអាទិភាពបន្ទាន់ បីចម្បងគឺ ១) ពង្រឹងមណ្ឌលសុខភាព ដោយកែលម្អអាគារ បំពាក់សម្ភារៈ ឱសថ ពង្រឹងសមត្ថភាពបុគ្គលិកក្នុងការបម្រើការសេវា ២៤ម៉ោង ២) ពង្រឹងមន្ទីរពេទ្យបង្អែក ស្រុក ខេត្ត ជាតិ ព្រមទាំងនិយតកម្មសេវាឯកជនឲ្យបានប្រសើរឡើង  និង ៣) ពង្រឹងស្ថាប័នតាមរយៈ ការបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ និងនវានុវត្តដល់គ្រប់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់អនុវត្តជាបន្ទាន់ ដើម្បីចូលរួមចំណែកសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល និងធ្វើឱ្យប្រជាជនកម្ពុជាមានសុខភាពល្អ និងអាយុ យឺនយូរ។

លោកស្រីវេជ្ជបណ្ឌិត ក៏បានធ្វើបច្ចុប្បន្នភាពអំពីក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ឆ្នាំ២០២៣ ដែលមានសកម្មភាពស្នូលប្រាំមួយ រួមមាន

១.ការផ្តល់លទ្ធភាព និងការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ដើម្បីគាំទ្រដល់សុខភាព

២.ការតម្រង់ទិសឡើងវិញនូវការផ្តល់សេវាសុខភាព ដែលផ្តោតលើ ការពង្រឹងការថែទាំសុខភាពបឋម (មណ្ឌលសុខភាព) ជាជម្រើសដំបូង

៣.ការពង្រឹងសមត្ថភាពធនធានមនុស្សសុខាភិបាលឆ្លើយតបទៅនឹងការថែទាំសុខភាពបឋម

៤.ការប្រើប្រាស់នវានុវត្តន៍ និងបរិវត្តកម្ម ឌីជីថល

៥.ការវិនិយោគលើការថែទាំសុខភាពបឋម សម្រាប់ការគ្របដណ្តប់សុខភាពជាសកលដែលផ្តោតលើ ការបង្កើនកម្រិត និងភាពបត់បែននៃការផ្តល់ហិរញ្ញប្បទាន

៦.ការលើកកម្ពស់អភិបាលកិច្ច និងការពង្រឹងភាពជាដៃគូ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ លោកបណ្ឌិត Anirban Chatterjee អនុប្រធានយូនីសេហ្វនៅកម្ពុជា បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់យូនីសេហ្វ នៅក្នុងការគាំទ្រការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) នៅកម្ពុជា៖ យើងបានតម្រែតម្រង់អាទិភាពជាយុទ្ធសាស្ត្ររបស់យូនីសេហ្វ ដើម្បីគាំទ្រដល់វិស័យសកម្មភាពស្នូលជាច្រើននៃ PHC-BIF។ នេះរួមបញ្ចូលទាំងការពង្រឹងការចូលរួមរបស់សហគមន៍ និងការគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងប្រព័ន្ធថ្នាក់ក្រោមជាតិសម្រាប់សេវាសង្គម រួមទាំងសេវាសុខភាពផងដែរ។ យូនីសេហ្វធានាពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះក្រសួងសុខាភិបាល ក្នុងការជំរុញការថែទាំសុខភាពបឋមប្រកបដោយសមធម៌នៅកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការកសាង ដោយផ្អែកលើលទ្ធផលសម្រេចបានកន្លងមក បទពិសោធន៍ និងកិច្ចសហការរយៈពេលវែងប្រកបដោយផ្លែផ្ការបស់យើងនៅមូលដ្ឋាន គាំទ្រដល់សហគមន៍ងាយរងគ្រោះ ដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការកំណត់គំរូល្អដែលមានប្រសិទ្ធភាព ដែលអាចពង្រីកវិសាលភាពនៃការអនុវត្តបាន និងដែលជួយឱ្យសម្រេចបាននូវលទ្ធផលយូរអង្វែងសម្រាប់លទ្ធផលសុខភាពសម្រាប់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។

លោកវេជ្ជបណ្ឌិត ប៉ាស្កាល់ រីងវដ  (Dr.Pascal Ringwald) តំណាងស្តីទីនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាមានប្រសាន៍ថា ៖ រាល់មួយដុល្លារដែលបានវិនិយោគក្នុងការដោះស្រាយបញ្ហាជំងឺមិនឆ្លង អាចបានផលត្រលប់មកវិញរហូតដល់ ១០ដងនៃតម្លៃ ដល់សេដ្ឋកិច្ចកម្ពុជា ដោយផលចំណេញដ៏ធំបំផុតបានមកពីការថែទាំសុខភាពបឋម តាមរយៈការបង្ការ ការលើកកម្ពស់សុខភាព និងការដោះស្រាយកត្តាហានិភ័យអន្តរវិស័យ ។

លោកស្រីវេជ្ជបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនេះមានសារសំខាន់សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ ប្រើប្រាស់ដើម្បី ពិនិត្យមើលស្ថានភាពនៃការថែទាំបឋមក្នុងតំបន់របស់ខ្លួន និងកំណត់ចក្ខុវិស័យសម្រាប់ការថែទាំសុខភាពសម្រាប់ពេលអនាគត និងយុទ្ធសាស្ត្រតាមធនធានជាក់ស្តែងដើម្បីសម្រេចគោលដៅរបស់ខ្លួន។

លោកស្រីវេជ្ជបណ្ឌិតបាន ថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ស្ថាប័នឯកជន ដែលបានចូលរួមយ៉ាងសកម្ម ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ក្នុងការងារថែទាំសុខភាពបឋមកន្លងមក និងអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួម និងផ្តល់ការគាំទ្រ សម្រាប់ការជំរុញការងារថែទាំសុខភាពបឋមឲ្យទទួលបានជោគជ័យបន្ថែមទៀត។

ជាចុងបញ្ចប់ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា ជាមួយនឹងការប្រកាស់បើអង្គសិក្ខាសាលានេះផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖