សារព័ត៌មាន AP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យក្រុមមន្ត្រីរបស់លោកបោះជំហានបន្ថែមនៅក្នុងការអភិវឌ្ឍ ទំនាក់ទំនងជាមួយទីក្រុងមូស្គូ ក្រោយបំពេញទស្សនកិច្ចនៅរុស្ស៉ីកាលពីពេលថ្មីៗនេះ ខណៈដែលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ព្រមានថា រាល់កិច្ចសហប្រតិបត្តិការយោធាស្ដីពីអាវុធ គឺជាគ្រោះថ្នាក់ និងបង្កជាផលវិបាក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានរាយការណ៍ថា អំឡុងកិច្ចប្រជុំការិយាល័យនយោបាយកាលពីថ្ងៃពុធ ទី២០ ខែកញ្ញា លោក គីម ជុងអ៊ុន បានដាក់បញ្ជានិងលើកឡើងពីផែនការការងារដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែម ដល់កម្រិតខ្ពស់ថ្មីមួយនៅ ដំណាក់កាលជាក់ស្ដែង សំដៅពង្រឹងភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់លោក គីម នៅ
រុស្ស៉ី។ KCNA ឱ្យដឹងទៀតថា លោក គីម ក៏បានកត់សម្គាល់ផងដែរពីតម្រូវការចំាបាច់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើគ្រប់វិស័យ ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សុខុមាលភាពប្រជាជននៃប្រទេសទាំង២។
នៅពេលបំពេញទស្សនកិច្ចទៅកាន់តំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី កាលពីពេលថ្មីៗនេះ លោក គីម ជុងអ៊ុន បានជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក ពូទីន និងបានធ្វើទស្សនកិច្ចទៅកាន់រោងចក្រយោធា និងបច្ចេកវិទ្យាទំនើបៗរបស់រុស្ស៉ី។ មេដឹកនាំទាំង២ ថែមទាំងបានគូសបញ្ជាក់ទៀតផងថា នឹងធ្វើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយមិនបានបញ្ជាក់អ្វីលម្អិតនោះទេ ដែលនេះបានបន្សល់ទុកការសង្ស័យកាន់តែខ្លាំងដល់កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសគឺសហរដ្ឋអាមេរិកតែម្តង ពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងអាវុធ ស្របពេលលោក ពូទីន កំពុងស្វែងរកអាវុធ ដើម្បីបន្តធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែន៕ ដោយ៖ ធីរីណា
រូបថត៖ KCNA