ខេត្តសៀមរាប ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់អោយដឹងថា ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទីជាច្រើនពាន់នាក់ បានមកទស្សនាទស្សនីយភាពថ្ងៃរះ នាព្រឹកព្រលឹមនៅប្រាសាទអង្គរ ដោយទឹកមុខសប្បាយរីករាយ។
លោក អ៊ុច សាវន អាយុ៦៧ឆ្នាំ មកពីខេត្តបាត់ដំបង បានបង្ហាញក្តីរំភើបពេលបានមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ដ៏ស្កឹមស្កៃ ជាមួយនិងមនុស្សជាច្រើនពាន់នាក់ ជាពិសេសបរិស្ថានជុំវិញប្រាសាទ និងការរៀបចំសណ្តាប់ធ្នាប់មានរបៀបរៀនរយល្អដែលជាការទាក់ទាញ ក្រៅពីប្រាសាទ។
ទេសចរម្នាក់ទៀត លោក ម៉ុក សារិទ្ធិ រស់នៅខេត្តសៀមរាប ក្រោកតាំងពីព្រឹកមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរ មានអារម្មណ៍ថាអស្ចារ្យចំពោះស្នាដៃរបស់ដូនតាខ្មែរដែលបានកសាងសំណង់ប្រាសាទដ៏អច្ឆរិយនេះ។ លោកសប្បាយចិត្តពេលមកឃើញមានភ្ញៀវជាតិ និងអន្តរជាតិមកពីទីជិតឆ្ងាយមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ដែលលោករំពឹងថានឹងបន្តមានភ្ញៀវមកទស្សនាកើនឡើងបន្ថែមទៀត៕
ដោយ ៖ សហការី