ខេត្តព្រះវិហារ៖ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមជាមួយលោកប្រធានគណ:កម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកត្បែងមានជ័យ និងក្រុមកាងារ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយ សារទឹកជំនន់ចំនួន ៩គ្រួសារ ស្ថិតក្នុងភូមិពោធិ៍ខឿន (ចំណុចព្រៃកែង) ឃុំពោធិ៍ ស្រុកត្បែងមានជ័យ។
នៅក្នុងឱកាសនោះដែរក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក គីម រិទ្ធី ប្រធានគណ:កម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច តែងតែគិតគូរពីសុខទុក្ខបងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
ក្រុមការងារក៏បានផ្តាំផ្ញើសូមអោយបងប្អូនថែរក្សាសុខភាព ត្រូវហូបទឹកស្អាតជានិច្ច ពិសេសមានការប្រុងប្រយ័ត្នក្នុងពេលទឹកឡើង ការពារកូនតូចៗ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
ដោយឡែកសម្ភារផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ៕
ដោយ៖សហការី