ខេត្តបាត់ដំបង ៖ កាលពីចុងសប្តាហ៍កន្លងទៅ ថ្មីៗនេះ ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះពិនិត្យនិងណែនាំទៅដល់មន្ត្រីជំនាញ ដែលឈរជើងនៅតាមគោលដៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបងស្តីពីបទល្មើសចរាចរណ៍ដែលត្រូវអនុវត្តការផាកពិន័យ ចំពោះទោចក្រយានយន្ត និងយានយន្តតូចធំគ្រប់ប្រភេទ។
នាឱកាសចុះពិនិត្យផ្ទាល់នោះដែរ លោកស្នងការខេត្ត បានមានប្រសាសន៍ថា ចំពោះបទល្មើសចរាចរណ៍ដែលត្រូវអនុវត្តការផាកពិន័យ ក្នុងនោះទោចក្រយាន(ម៉ូតូ) មាន០៧ចំណុច -ទី១-ល្មើសមិនពាក់មួក ,ទី០២-ល្មើសល្បឿន ,-ទី០៣-ល្មើសសារធាតុស្រវឹង ឬសារធាតុញៀន ,ទី០៤-ល្មើសគ្មានបណ្ណបើកបរ ,ទី០៥-ល្មើសភ្លើងចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ ,ទី០៦-ល្មើសដាក់តាំងភ្លើង ឬកែច្នៃខុសបច្ចេកទេស ឬភ្លើងមិនដំណើរការ ,ទី០៧-ល្មើសគ្មានផ្លាកលេខ។
ចំពោះយានយន្ត(រថយន្តតូច.ធំ)មាន០៨ចំណុច. ទី០១-ល្មើសល្បឿន ,ទី០២-ល្មើសសារធាតុស្រវឹង ឬសារធាតុញៀន ,ទី០៣-ល្មើសគ្មានប័ណ្ណបើកបរ ,ទី០៤-ល្មើសភ្លើងចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ ,ទី០៥-ល្មើសផ្ទុកសំពីងសំពោង ,ទី០៦-ល្មើសឈៀក ,ទី០៧-ល្មើសគ្មានផ្លាកលេខ ,និងទី០៨-ល្មើសដាក់តាំងភ្លើង ឬកែច្នៃខ្សែបច្ចេកទេស ឬភ្លើងមិនដំណើរការ។
ជាមួយគ្នានេះ លោកមស្នងការក៏បានអំពាវនាវសំណូមពរទៅដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកដែលប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត ក៏ដូចជាយានយន្តគ្រប់ប្រភេទ ការបើកបរត្រូវតែគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាប្រចាំ ហើយបើមិនអនុវត្តទៅតានច្បាប់ទេ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៅតាមគោលដៅនិងធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់។
លោកបន្តថា ការផាកពិន័យនេះ តាម ពិតគឺរាជរដ្ឋាភិបាលមិនចង់ផាកពិន័យទេ ទិសដៅសំខាន់គឺចង់អោយគាត់គោរពច្បាប់ចរាចរណ៍ ហើយការផាកពិន័យនេះសមត្ថកិច្ចមិនចង់ប្រមូលថវិការពីការផាកពិន័យនោះទេ តែសូមសំណូមពរយ៉ាងទទូចធ្វើយ៉ាងម៉េចសូមអោយគោរពច្បាប់ចរាចរណ៍ ហើយការផាកពិន័យនេះ បើយើងមិនផាកពិន័យ បានន័យថាបងប្អូនមិនចងចាំទេ វាទាល់តែប៉ូលិសផាកពិន័យទើបបងប្អូនចងចាំ និងមួយទៀតពេលដែលអ្នកជួបហានិភ័យដូចជាអ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពហើយមានគ្រោះថ្នាក់ចរាចរណ៍ មិនមានបង្កអោយប៉ះពាល់ដល់ក្បាលដល់អីគាត់ រហូតគាត់ចងចាំថានេះគឺបានគុណមួកសុវត្ថិភាព៕
ដោយ៖ ចន្ទ លីហ្សា