ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះជនសង្ស័យ២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
គួរេលឹកឡើងថាកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វេីប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន២នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងមួយចំនួន នៅចំណុចមុខវត្តសុភមង្គល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានប្រាប់ឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ស៊ន សការៈ ហៅកា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។ ២-ឈ្មោះ ស៊ីម វុត្ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផាស់អាប់ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់)។
វត្ថុតាងចាប់បានរួមមាន -គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ៣,១៧ក្រាម, -គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០៣គ្រាប់ ទម្ងន់ ០,៥៣ក្រាម, -ម៉ូតូ ចំនួន ០១គ្រឿង,-ទូរស័ព្ទ ចំនួន ០៣គ្រឿង, -នាឡិកាដៃលោហធាតុពណ៌លឿង ចំនួន ០១គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។
លោកបន្តថា មុនឈានដល់ការបង្ក្រាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានល្បាតការពារសន្តិសុខនៅក្នុងភូមិសាស្រ្តក្រុង បានឃេីញឈ្មោះ ស៊ន សការៈ គួរឱ្យសង្ស័យ កម្លាំងក៏បានឃាត់សួរនាំ ព្រមទាំងធ្វើការឆែកឆេរលើខ្លួនប្រាណ ឃើញមានគ្រឿងញៀន ពេលនោះកម្លាំងធ្វេីការឃាត់ខ្លួនភ្លាមៗយកមកសួនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។ បន្ទាប់ពីសួរនាំ និងដោយមានការសហការពីជនសង្ស័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានសុំកិច្ចសហការជាមួយកងរាជអាវុធហត្ថខេត្ត បេីកប្រតិបត្តិការរហូតឈានដល់ខ្លួនជនសង្ស័យឈ្មោះ ស៊ីម វុត្ថា (ជួញដូរ និងប្រើប្រាស់)នាំមកកាន់មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ ដេីម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យឈ្មោះ ស៊ីម វុត្ថា បានសារភាពថា រូបខ្លួនពិតជាបានទិញគ្រឿងញៀនទុកលក់ផង និងប្រើប្រាស់ផង ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែង ជនសង្ស័យត្រូវទាំង២ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត៕
ដោយ៖ ស សម