ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​ ៧នាក់​ស្លាប់​ និង​ ១៣នាក់ទៀតរងរបួស ខណៈ​យានយន្ត ១៧៦គ្រឿងទៀត ត្រូវបានផាកពិន័យ​ទូទាំងប្រទេស​ នាថ្ងៃទី២៤ ខែកញ្ញាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា​ កាលពីថ្ងៃទី​២៤​ កញ្ញា​ ម្សិលមិញ​នេះ​ បានកើតឡើងចំនួន ១៣លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៧នាក់ របួសចំនួន ១៣នាក់ (របួសធ្ងន់ចំនួន ០៧នាក់)។ ជាក់ស្ដែង​រយៈពេល ២៤ថ្ងៃកន្លងទៅនេះ​ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៤១លើក បណ្ដាលឱ្យមនុស្សស្លាប់ ១០៤នាក់ របួស ៣៩២នាក់ (របួសធ្ងន់ ១៩៦នាក់)។ 

រាយការណ៍​ដដែល​បន្តថា​ សម្រាប់​ថ្ងៃដដែល​នេះ​ មានយានយន្តសរុបចំនួន ១៧៦គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ ក្នុងនោះមានម៉ូតូ ១៦២គ្រឿង និងរថយន្ត ១៤គ្រឿង។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ កម្លាំង​នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២,៦៤៣គ្រឿង ក្នុងនោះមានម៉ូតូ ២,២៦១គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣៨២គ្រឿង។

ក្នុងបទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ស្រវឹង អត់បណ្ណបើកបរ លើសចំណុះ ល្មើសល្បឿន ឆៀក និងល្មើសសញ្ញាជាដើម។

គួរជម្រាបជូនថា​ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន តែងតែ​ថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕

ដោយ​៖សហការី​


ចែករំលែក៖