ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺព័ត៌មានរបស់ខុទ្ទការល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពីការគាំទ្រសម្តេចធិបតី នៅលើបដាផ្សព្វផ្សាយនៅតំបន់ Time Square នៅទីក្រុងញូវយ៉ក

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ខុទ្ទការល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ ស្តីពីការគាំទ្រសម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នៅលើបដាផ្សព្វផ្សាយនៅតំបន់ Time Square នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ជាក់ស្ដែង​នៅក្នុង​សេចក្តីបំភ្លឺព័ត៌មាន របស់ខុទ្ទការល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា​ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅក្នុងអំឡុងពេល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុង “កិច្ចពិភាក្សា ទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ ២០២៣” មានការចោទប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលអំពីការផ្សព្វផ្សាយតាមបដា គាំទ សម្ដេចធិបតី នៅតំបន់ Time Square ថា ជាការរៀបចំ និងការចំណាយថវិកាខ្ជះខ្ជាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និង គ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់សាធារណមតិជាតិ និងអន្តរជាតិ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រ សម្ដេចធិបតី តាមរយៈបដាខាងលើ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូម ធ្វើការបញ្ជាក់ជូនសាធារណជនទាំងអស់ដូចខាងក្រោម៖

១,ការរៀបចំបដាផ្សព្វផ្សាយខាងលើពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ។

២,ការរៀបចំបដាផ្សព្វផ្សាយខាងលើ គឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្តស្រលាញ់ និងការគាំទ្រ របស់បងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះ សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១ ក្នុង“កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជា ជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។​

៣. ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ គឺមានការសម្របសម្រួលពីបងប្អូនខ្មែរ យើងនៅសហរដ្ឋអាមេរិក និងមានការចូលរួមគាំទ្រផ្សព្វផ្សាយដោយឥតគិតថ្លៃពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម តាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយតាម billboard) នោះផងដែរ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕

ដោយ៖ សហការី


ចែករំលែក៖