ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យគន្ធបុប្ផាជួយសង្រ្គោះជីវិតក្មេងប្រុសម្នាក់​ទាន់ពេលក្រោយពស់ស្រកាចាស់ចឹក​រលួយដៃ

ចែករំលែក៖

ភ្នំពេញ​៖​ មន្ទីរពេទ្យគន្ធបុប្ផា​ បានជួយសង្រ្គោះបានក្មេងប្រុសម្នាក់ មានអាយុ៦ឆ្នាំ​ ទាន់ពេលវេលា បន្ទាប់ពីក្មេងប្រុសរូបនេះ ត្រូវពស់ស្រកាចាស់ចឹកហើយពិសជ្រាបចូលក្នុងឈាម បណ្តាលឲ្យរលួយដៃ ខ្សោយដង្ហើម និងខូចតម្រងនោម​ស្រួចស្រាវ​យ៉ាង​ធ្ងន់ធ្ងរនោះ។

យោងតាមផេកហ្វេសបុក​ ដែលមានឈ្មោះថា Dr Beat Richner ដែលបានបង្ហោះនាថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២៣នេះ ​បានឱ្យដឹងថា ក្មេងប្រុសអាយុ៦ឆ្នាំនេះ ត្រូវបានពស់ស្រកាចាស់ចឹកនិងត្រូវបានបញ្ជូន​មកពី​មន្ទីរពេទ្យខេត្តកំពត២ថ្ងៃបន្ទាប់មកពិសពស់បានជ្រាបចូលក្នុងឈាម ធ្វើឲ្យរលួយដៃ​និងខ្សោយដង្ហើម ហើយចុងក្រោយបណ្តាលឲ្យពុលខ្សោយតម្រងនោមស្រួចស្រាវ​យ៉ាងធ្ងន់ធ្ងរ​បំផុត។ ប៉ុន្តែក្មេងប្រុសត្រូវបានជួយសង្រ្គោះជីវិត ​ដោយចាក់ថ្នាំបន្សាបចម្រុះពិស លាងឈាម​តាមស្រោមពោះសង្រ្គោះតម្រងនោម​ និងសង្រ្គោះដង្ហើមដោយម៉ាស៊ីនសប់ដង្ហើម អស់រយៈពេល២១ថ្ងៃ ​តែថ្ងៃនេះ(ថ្ងៃទី២៦) ក្មេងប្រុសបានរួចជីវិត និងត្រូវបន្តព្យាបាល​បណ្តុះស្បែកឡើងវិញ។

តាមរយៈផេកហ្វេសបុកខាងលើនេះដែរ ​បានបញ្ជាក់ឲ្យដឹងផងដែរថា ពស់ស្រកាចាស់ មាន​ពិសចម្រុះគ្នា ធ្វើឲ្យរលួយសាច់វិបត្តិកំណកឈាម និងហូរឈាម អាចធ្វើឲ្យប្រព័ន្ធប្រាសាទ​ឈប់ដំណើរការ និងធ្វើឲ្យតម្រងនោមលែងដំណើរការទៀតផង។

គួរជម្រាបជូនថា​ យ៉ាងណាក៏ដោយក្មេងប្រុសរងគ្រោះខាងលើនេះត្រូវបាន​ជួយសង្រ្គោះជីវិតទាន់ពេលា ហើយការព្យាបាលក្មេងប្រុសនេះ ​ដូចអ្នកជំងឺក្មេងៗ​នាពេលកន្លងមកផងដែរ គឺការព្យាបាល​ដោយឥតគិតថ្លៃទាំង អស់៕

ដោយ​៖ សហការី​


ចែករំលែក៖