ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញការនិពន្ធ និងផ្សព្វផ្សាយព័ត៌មានភាសាបារាំងរបស់អង្គភាពសារព័ត៌មានរដ្ឋ ពង្រីកការផ្សាយឱ្យកាន់តែសម្បូរបែប

ចែករំលែក៖

ភ្នំពេញ៖​ យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​AKP​ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញការនិពន្ធ និងផ្សព្វផ្សាយព័ត៌មានភាសាបារាំងរបស់អង្គភាពសារព័ត៌មានរដ្ឋ ពង្រីកការផ្សាយឱ្យកាន់តែមានប្រសិទ្ធភាព និងសម្បូរបែប ដើម្បីចូលរួមផ្សព្វផ្សាយការវិវត្តថ្មីៗ ការអភិវឌ្ឍជាតិ របស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានក្នុងស្រុក នៅក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងឱកាសជួបពិភាក្សាការងារ អនុញ្ញាតឱ្យក្រុមព័ត៌មានជាភាសាបារាំង នៃអគ្គនាយកដ្ឋានទាំង៣ របស់ក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍អនុវត្តការងារ ជាពិសេសការងារផ្សាយ ព័ត៌មានជាភាសាបារាំង នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

ការអនុញ្ញាតឱ្យក្រុមព័ត៌មានជាភាសាបារាំង នៃអគ្គនាយកដ្ឋានទាំង៣ របស់ក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍អនុវត្តការងារ ជាពិសេសការងារផ្សាយ ព័ត៌មានជាភាសាបារាំងនេះ ក្នុងគោលបំណងជំរុញព័ត៌មានជាភាសាបារាំងឱ្យកាន់តែល្អសម្រាប់អ្នកប្រើប្រាស់ភាសាបារាំងក៏ដូចជាជនជាតិបារាំងឱ្យស្គាល់ច្បាស់ពីប្រទេសកម្ពុជាតាមរយៈភាសា១នេះ។ សម្រាប់អគ្គនាយកដ្ឋានទាំងបីដែលប្រើប្រាស់ភាសាបារាំង រួមមាន អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP អគ្គនាយកដ្ឋានទូរទស្សន៌ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដែលស្ថិតនៅក្រោមចំណុះក្រសួងព័ត៌មាន ដែលបានផ្សាយព័ត៌មានជាភាសាបារាំង។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍លើកឡើងអំពីកត្តាស្នូលចំនួន៣ក្នុងការជំរុញព័ត៌មានភាសាបារាំងឱ្យកាន់តែមានប្រសិទ្ធភាពនោះ រួមមាន ការចូលរួមលើកស្ទួចធនធានមនុស្សតាមរយៈវគ្គបណ្តុះបណ្តាលជាភាសាបារាំងផ្នែកសារព័ត៌មាន អាហារូបករណ៌ផ្នែកសារព័ត៌មានទៅសិក្សានៅប្រទេសដៃគូ ដូចជាប្រទេសបារាំង និងវៀតណាម ហើយមាតិកា ឬ Content របស់អគ្គនាយកដ្ឋានទាំង៣ចែករំលែកព័ត៌មានគ្នាជាអត្ថបទ ជាវីដែអូ ក្នុងការផ្សព្វផ្សាយជាភាសាបារាំង និងមធ្យោបាយក្នុងការផ្សព្វផ្សាយគ្រប់រូបភាពទាំងប្រព័ន្ធភ្សព្វផ្សាយបែបប្រពៃណី មានដូចជា ទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយទំនើបដូចជា Facebook, Instagram, Twitter, TikTok, Telegram និង You tube។

លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងព័ត៌មាននឹងជ្រើសរើសនិស្សិតស្ម័គ្រចិត្តផ្នែកភាសាបារាំងមកអានព័ត៌មានជាភាសាបារាំង សរសេរអត្ថបទភាសាបារាំង និងហត្ថការពាក់ព័ន្ធនឹងភាសាបារាំង។

សូមជម្រាបជូនផងដែរ បច្ចុប្បន្ន ក្រសួងព័ត៌មាន បានផ្សាយព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន មានចំនួន ៧ភាសា ដែលក្នុងនោះរួមមាន ភាសាខ្មែរ អង់គ្លេស បារាំង អារ៉ាប់ ចិន ចាម និងវៀតណាម៕

ដោយ​៖ សហការី​


ចែករំលែក៖