ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញប្រឆាំងបទល្មេីសគ្រឿងញៀនក្រុងព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ខណៈកំពុងជិះរថយន្តមួយគ្រឿងម៉ាក MERCEDES ស្លាកលេខ កម្ពុជា C.L 8998 លួចបង្កប់គ្រឿងញៀន និងបានបង្ហាញមុខជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅតុលាការខេត្ត ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី២១ ខែកញ្ញាថ្មីៗនេះ បានចុះឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗ នៅចំណុចម្ដុំកាស៊ីណូ ព័រឡាយ ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឆែកឆេររថយន្ដ ០១ គ្រឿង ម៉ាក MERCEDES ពណ៌ខ្មៅ មានស្លាកលេខ កម្ពុជា C.L 8998 ដោយរកឃើញមានម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១ ប្រអប់ និង ០១ដបតូច ក្រោយមកកម្លាំងជំនាញប្រឆាំងគ្រឿងញៀន អធិការក្រុងព្រះសីហនុ ក៏បានឃាត់ជនសង្ស័យចំនួន ០៤នាក់ ជនជាតិចិនតៃវ៉ាន់ និងប្រគល់មកការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង និងបន្ដនីតិវិធី ។
ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖
១-ឈ្មោះ Hsiao Yu Ruei ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរ បុគ្គលិកខារ៉ាអូខេ ។
២-ឈ្មោះ Chen Jian An ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរ លក់ម្ហូប ។
៣-ឈ្មោះ Ting Hao Yi ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរ មិនពិតប្រាកដ ។
៤-ឈ្មោះ HUANG JHE LI អាយុ ២៤ ឆ្នាំ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ មុខរបរ មិនពិតប្រាកដ ។
ដកហូតវត្ថុតាងសរុបរួមមាន ៖
ម្សៅពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន ៣កញ្ចប់, ១ប្រអប់ និង២ដបតូច ទូរស័ព្ទដៃចំនួន ១២គ្រឿង ជញ្ជីងថ្លឹងគ្រឿញៀន ចំនួន ១គ្រឿង រថយន្ត ១គ្រឿង លិខិតឆ្លងដែនចំនួន ២ក្បាល និងបណ្ណការងារចំនួន ១សន្លឹក ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ អរុណរះ