ភ្នំពេញ៖ ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាតាម រយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានធ្វើ អន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ០៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះ ០១រូបទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារ ឪពុកម្តាយ ញាតិមិត្តរបស់ខ្លួនវិញ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ០៧រូប ដែលបានបង្ហោះសារអំពាវ នាវតាមបណ្តាញសង្គមស្វែងរកការជួយសង្គ្រោះពួក គេ។ ស្ត្រីទាំង០៧រូបនេះ ត្រូវបានជនខិលខូចបោក ប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់ពួកគាត់ទៅប្រទេសទី៣។
ក្រោយពីបានទទួលព័ត៌មាននេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានសុំការសហការភ្លាមពីអាជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង ០៧រូបនោះ។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជំរុញស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវឱ្យផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយសហការជាមួយសមត្ថកិច្ចឡាវ។
រហូតមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នេះ នារីខ្មែរ ០៦រូប ត្រូវបានជួយសង្គ្រោះ និងកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព និងមានការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែកស្ថានទូតបាននិងកំពុងបន្តសហការជាមួយកម្លាំងសមត្ថកិច្ចឡាវ កំពុងបន្តខិតខំជួយសង្គ្រោះនារីខ្មែរ ០១រូបទៀត។
ការជួយសង្គ្រោះនារីខ្មែរទាំង៧រូបនេះ បានបង្ហាញឱ្យឃើញពីចំណាត់ការដ៏រហ័សរហួន និងការយកចិត្តទុកដាក់របស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាពិសេសមន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានគិតគូរខ្ពស់អំពីសុវត្ថិភាព ទុក្ខលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
នារីរងគ្រោះទាំង០៦រូប ដែលបានសង្គ្រោះរួច បានបង្ហាញក្តីរំភើបរីករាយជាពន់ពេក បន្ទាប់ពីបានរួចផុតពីការជួញដូរ ជាពិសេសទទួលបានកិច្ចអន្តរាគមន៍យ៉ាងរហ័សពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអាជ្ញាធរកម្ពុជា។ ពួកគេបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ក៏ដូចជាអាជ្ញាធររបស់កម្ពុជា ក្នុងនោះរួមមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវដែលបានខ្នះខ្នែងជួយសង្គ្រោះពួកគេឱ្យរួចផុតពីគ្រោះថ្នាក់ និងអាចបានត្រឡប់មកកាន់ប្រទេសកំណើតវិញ៕
ដោយ៖ សូរិយា