ភ្នំពេញ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានចាប់ផ្ដើមបើកដំណើរការនៅតាមឃុំ សង្កាត់ទាំង ១.៦៥២ ។ តាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ការិយាល័យចុះ ឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧ព្រឹកថ្ងៃនេះ និងបានប្រព្រឹត្តទៅយ៉ាងល្អតាមការគ្រោងទុក ពុំមានបញ្ហាប្រឈមណាមួយធ្វើឱ្យរាំងស្ទះឡើយ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ មានរយៈពេល ១៩ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយក្នុងនោះ ការិយាល័យចុះឈ្មោះបោះឆ្នោត ក៏នឹងត្រូវផ្អាកដំណើរការ ១ថ្ងៃផងដែរ គឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ធ្វើការប្រជុំត្រួតពិនិត្យការអនុវត្តការងារ៕
ដោយ៖ សូរិយា