ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រគល់ពានជូន បេក្ខនារី លឹម សេរីហាន់នីកា ក្នុងកម្មវិធី The Voice Cambodian រដូវកាលទី៣

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី The Voice Cambodian រដូវកាលទី៣ វគ្គផ្តាច់ព្រាត់របស់ទូរទស្សន៍ហង្សមាស នៅផ្សារអ៉ីអនសែនសុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ២ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។

កម្មវិធីនេះបានចាប់ផ្តើមដំណើរការមកអស់រយៈពេលជិតកន្លះឆ្នាំ ដោយគិតចាប់ពី ខែមេសា ឆ្នាំ២០២៣មកម្ល៉េះ ដែលមានបេក្ខជន បេក្ខនារី បានចូលរួមប្រកួតប្រជែងយ៉ាងច្រើនកុះករ ដែលបានសម្រាំងចេញពីតាមបណ្តាខេត្ត-ក្រុងនានា បានមកធ្វើការបញ្ចេញនូវទេពកោសល្យ និងសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ នៅក្រោយខ្នង Coach ទាំងបួននាក់។

ក្នុងវគ្គផ្តាច់ព្រាត់នេះ មានបេក្ខជន បេក្ខនារី សរុបចំនួន ៤រូប រួមមាន៖ ទី១.បេក្ខជន សាល បាទី, ទី២.បេក្ខនារី លឹម សេរីហាន់នីកា, ទី៣.បេក្ខនារី គឹម សុវណ្ណ, និង ទី៤.បេក្ខជន សួន សុវណ្ណចន្នី ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកជ័យលាភី តាមរយៈ ការប្រកួតប្រជែងលំដាប់អន្តរជាតិនេះ។

ជាទីបញ្ជប់ក្នុងការប្រកួតនេះ បេក្ខនារី លឹម សេរីហាន់នីកា បានទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ១ នៅក្នុងកម្មវិធី The Voice Cambodian រដូវកាលទី៣ នេះ ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន១០០លានរៀល។ ចំណែកឯបេក្ខជន បេក្ខនារី ដែលមិនបានលើកពានបានទទួលថវិកាឧបត្ថម្ភចំនួន ៤លានរៀល ជាការលើកទឹកចិត្តផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖