ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សាធារណការ​ ចេសេចក្ដីណែនាំឱ្យមន្ត្រីចុះជួសជុល និងតភ្ជាប់ផ្លូវថ្នល់-ស្ពាន ដោយសារជំនន់ទឹកភ្លៀង​កាត់ផ្តាច់

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃ​ចន្ទ​ទី​០២​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីណែនាំដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ត្រូវចាត់កម្លាំងជាបន្ទាន់ចុះជួសជុល និងតភ្ជាប់ផ្លូវថ្នល់-ស្ពាន ក្នុងករណីមានការកាត់ផ្តាច់ ផ្លូវថ្នល់-ស្ពាន ដោយសារជំនន់ទឹកភ្លៀង​ ដើម្បីធានាឱ្យមាននិរន្តរភាពចរាចរណ៍។

ជាក់ស្ដែង​នៅក្នុង​សេចក្ដីណែ​នាំ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានបញ្ជាក់ថា​ នារដូវ​វស្សា​ឆ្នាំ២០២៣នេះ ស្ថានភាពទឹកភ្លៀង បានចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីបរិមាណជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដែលកម្ពស់ទឹក អាចនឹងហក់ឡើងខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ ដល់អាយុជីវិតប្រជាពលរដ្ឋ ផលដំណាំផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដែលតម្រូវឱ្យមានវិធានការឆ្លើយតបឱ្យបានហ្មត់ចត់ និងទាន់ពលវលា ដើម្បីទប់ទល់ និងគ្រប់គ្រងហានិភ័យផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។

ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួង អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធ ត្រូវរៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សឱ្យបានសមស្រប ដើម្បីត្រៀមបង្ការឆ្លើយតបទៅនឹង គ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងត្រូវចូលរួមអនុវត្តយន្តការដូចខាងក្រោម ៖

១. ត្រូវចូលរួមផ្សព្វផ្សាយសភាពការណ៍គ្រោះមហន្តរាយនានា និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ពីខ្សែបណ្ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

២. ត្រូវចូលរួមសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើប្រតិបត្តិការឆ្លើយតបនឹងគ្រោះមហន្តរាយ និងស្តារឡើងវិញ។

៣. ត្រូវចាត់កម្លាំងជាបន្ទាន់ចុះជួសជុល និងតភ្ជាប់ផ្លូវថ្នល់-ស្ពាន ក្នុងករណីមានការកាត់ផ្តាច់ ផ្លូវថ្នល់-ស្ពាន (ការកាត់ផ្តាច់ចរាចរណ៍) ដើម្បីធានាឱ្យមាននិរន្តរភាពចរាចរណ៍ និងលើកសំណើសុំគោលការណ៍ ធានាចំណាយមកក្រសួងឱ្យបានទាន់ពេលវេលា។

៤. ត្រូវចាត់កម្លាំងដំឡើងផ្លាកសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាសុវត្ថិភាព នៅតាមទីតាំងដែល កំពុង និងងាយរងគ្រោះដោយទឹកជំនន់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ដល់ អ្នកប្រើប្រាស់ផ្លូវថ្នល់ និងអ្នកដំណើរ។

៥. ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទប់ទល់គ្រោះទឹកជំនន់ ទប់ស្កាត់មធ្យោបាយដឹកជញ្ជូនធុនធ្ងន់ ដែលឆ្លងកាត់ទីតាំងកំពុងរងគ្រោះដោយទឹកជំនន់ និងផ្សព្វផ្សាយផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ។

៦. ត្រូវសហការប្រើប្រាស់មធ្យោបាយ និងសម្ភារបរិក្ខាររបស់អង្គភាពសាមី ដើម្បីត្រៀមចូលរួម ធ្វើអន្តរាគមន៍រុករក និងសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។

៧. ត្រូវរៀបចំស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ស្ថិតក្រោមសមត្ថកិច្ចក្រសួង សាធារណការ និងដឹកជញ្ជូន ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និង ជំនន់ទឹកទន្លេមេគង្គ។

៨. ត្រូវចូលរួមកៀរគររកជំនួយផ្នែកមធ្យោបាយ សម្ភារបរិក្ខារ ធនធានមនុស្ស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍នានា អង្គការជាតិនិងអន្តរជាតិ ដែលមានកិច្ចសហការជាមួយក្រសួង សាធារណការ និងដឹកជញ្ជូន។

៩. ត្រូវធ្វើរបាយការណ៍ និងរាយការណ៍អំពីសភាពការណ៍ជាប្រចាំមកក្រសួង ដើម្បីចាត់វិធានការបន្ទាន់៕

ខាងក្រោមនេះ​ជាសេចក្ដី​ណែនាំ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​៖

ដោយ៖សហការី​


ចែករំលែក៖