ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អញ្ជើញបើកវគ្គបំប៉នជំនាញ ប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​៖​ ទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបន្ទុកប្រយុទ្ធប្រឆំាងបទល្មើសជួញដូរគ្រឿងញៀន ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ដែលសហការរៀបចំដោយនគរបាលជាតិកម្ពុជា និងនគបាលជាតិបារាំង និងមានការអញ្ជើញចូលរួមពី លោកស្រី មេបញ្ជាការនគរបាល Nathalie CARLIER  អនុព័ន្ធសន្ដិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេសកម្ពុជា នាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ នៃក្រសួងមហាផ្ទៃសាធារណៈរដ្ឋបារំាង ឯកឧត្តមប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងសិក្ខាកាមចំនួន២០រូប។

ជាកិច្ចចាប់ផ្តើម លោកស្រី មេបញ្ជាការនគរបាល Nathalie CARLIER  អនុព័ន្ធសន្ដិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេសកម្ពុជា នាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ នៃក្រសួងមហាផ្ទៃសាធារណៈរដ្ឋបារំាង អញ្ជើញមានមតិសំណេះសំណាល ដោយលោកស្រី មានប្រសាសន៍លើកឡើងថាវគ្គបំប៉នជំនាញនេះ មានការបង្រៀនផ្ទាល់ដោយគ្រូបង្គោលដែលមានជំនាញ និងបទពិសោធន៍យូរឆ្នាំ ដែលនឹងផ្តល់ជូនចំណេះដឹងល្អៗសម្រាប់សិក្ខាកាម ក្នុងការពង្រឹង និងពង្រីកសមត្ថភាពដើម្បីអភិវឌ្ឍន៍ការងារប្រកបដោយប្រសិទ្ធភាព ។

លោកស្រី បានអំពាវនាវដល់សិក្ខាកាមទាំងអស់ ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលត្រូវយកចិត្តទុកដាក់សិក្សា ផ្លាស់ប្តូរយោបល់ សួរសំនួរនៅត្រង់ចំណុចណាដែលមិនយល់ ធ្វើដូចនេះសិក្ខាកាមនឹងទទួលបានចំណេះជំនាញពិតប្រាកដមួយដើម្បីយកទៅអនុវត្តជាក់ស្តែង។ លោកស្រីមេបញ្ជាការក៏បានថ្លែងអំណរគុណដល់ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកប្រយុទ្ធប្រឆំាងបទល្មើសជួញដូរគ្រឿងញៀនដែលមានវត្តមាននៅទីនេះដើម្បីឱ្យវគ្គបំប៉នជំនាញនេះអាចប្រព្រឹត្តទៅបានរលូន។

នាឱកាសនោះដែរ លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ អញ្ជើញថ្លែងសុន្ទរកថាបើក វគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ដោយលោក មានប្រសាសន៍ថ្លែងអំណរគុណចំពោះនគរបាលនៃក្រសួងមហាផ្ទៃសាធារណៈរដ្ឋបារំាង ដែលបានចាត់តាំងលោកស្រីមេបញ្ជាការនគរបាល Nathalie CARLIER ក្នុងការសហការរៀបចំវគ្គបំប៉ននេះឡើង ទាំងនេះបានសបញ្ជាក់ឱ្យឃើញ អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋបារំាង ដែលជាកិច្ចសហការប្រវត្តិសាស្ត្រមួយសម្រាប់នគរបាលជាតិនៃប្រទេសទាំងពីរ។

លោក​នាយឧត្តមសេនីយ៍​ មានប្រសាសន៍បន្តថា វគ្គបំប៉នជំនាញមានសារសំខាន់បំផុតសម្រាប់នគរបាលជាតិកម្ពុជា ហេតុដូចនេះ សិក្ខាកាមទាំងអស់ត្រូវប្រឹងប្រែងស្តាប់ យកចិត្តកត់ត្រា សាកសួរ ដកស្រង់យកបទពិសោធន៍ លើកឡើងនូវបញ្ហាដែលធ្លាប់ជួបប្រទះដោះស្រាយមិនបាន ដើម្បីសុំយោបល់ពីសំណាក់គ្រូបង្គោលដែលគាត់មានចំណេះជំនាញ យកទៅកែសម្រួលនូវរាល់ចំណុចខ្វះខាតរបស់យើង លោកបានសង្កត់ធ្ងន់ថាសម្រាប់មេរៀនដែលបានរៀបចំឡើងក្នុងវគ្គបំប៉ននេះ សុទ្ធសឹងតែជាមេរៀនសំខាន់ ដែលឆ្លើយតបទៅនឹងសភាពនៃឧក្រិដ្ឋកម្មគ្រឿងញៀន កើតឡើងពេលបច្ចុប្បន្ន ។

សូមបញ្ជាក់ថាវគ្គនេះនឹងដំណើរការរយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ដោយសិក្ខាកាម នឹងទទួលបានចំណេះដឹងលើមេរៀន៖ កំណត់អត្តសញ្ញាណគ្រឿងញៀន, លំហូរគ្រឿងញៀនជាសកល, រចនាសម្ព័ន្ធសម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរសារធាតុញៀននៅ ប្រទេសបារាំង, ការប្រមូលភស្តុតាងមុនពេលចាប់ខ្លួន, ការស៊ើបអង្កេតស្ថានភាពជុំវិញអ្នកជួញដូរ និងបច្ចេកទេស ពិសេសក្នុងការស៊ើបអង្កេត និងនិតិវិធីផ្លូវច្បាប់ជាច្រើនទៀត៕

ដោយ៖ សហការី​


ចែករំលែក៖