ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
*សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធដែលបានខិតខំ ក្នុងការចរចាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យកាត់ដេររហូតសម្រេចបានលទ្ធផលចំនួន ២០៤ ដុល្លារសម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ។ ដូច្នេះចាប់ពីខែមករា ឆ្នាំ២០២៤ ខាងមុខ ប្រាក់ឈ្នួលអប្បបរមាថ្មីដែលកម្មករនិយោជិតនឹងត្រូវទទួលបាន មានចំនួន ២០៤ ដុល្លារ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល។
*សម្ដេចធិបតី ថ្លែងថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវតែដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំទោះបីមានចំនួនតិច ឬច្រើនក៏ដោយ។ នេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរដល់បងប្អូនកម្មករនិយោជិតតាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា។
*សម្ដេចធិបតី ថ្លែងថា ទោះពីជាបច្ចុប្បន្នប្រទេសក្នុងតំបន់ ជាពិសេសប្រទេសដែលមានការប្រកួតប្រជែង ក្នុងការនាំចេញផលិតផលកាត់ដេរទៅក្រៅប្រទេសជាមួយកម្ពុជា គឺមិនមានការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតនោះទេ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសាកល។ ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។
*សម្ដេចធិបតី ថ្លែងថា ក្នុងពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ការងារសំខាន់ចំនួន៣ ដែលសម្ដេចធិបតី តែងតែគិតគូរដល់ជីវភាពប្រជាពលរដ្ឋជាប្រចាំនោះគឺ ទី១.គិតគូរពីអ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយ នឹងត្រូវបន្តផ្ដល់ឱ្យដល់ប្រជាពលរដ្ឋបន្ថែមទៀត។ ២.បង្កើតអ្វីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និង ទី៣.ក្រៅពីថវិកា តើរាជរដ្ឋាភិបាលមានអ្វីខ្លះទៀត ដែលអាចជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដើម្បីមានជីវភាពរឹតតែប្រសើរឡើង។
*សម្ដេចធិបតី ថ្លែងថា ផែនការសកម្មភាពបានរៀបចំរួចហើយ គឺរដ្ឋាភិបាលនឹងចំណាយថវិកា៣៦លានដុល្លារ ក្នុង១ឆ្នាំលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជន ក្នុងគ្រួសារក្រីក្រចំនួន ១,៥ លាននាក់នាពេលខាងមុខនេះ។
*សម្ដេចធិបតី ថ្លែងអំពាវនាវដល់ម្ចាស់ផ្ទះជួល សូមជួយរក្សាតម្លៃផ្ទះជួលនៅតម្លៃដដែល កុំដំឡើងថ្លៃចំពោះបងប្អូនកម្មករនិយោជិត។ ចំណែកអគ្គិសនីកម្ពុជា បន្តគិតគូរលើការបញ្ចុះតម្លៃភ្លើងដល់បងប្អូនកម្មករនិយោជិតដដែល។
*សម្ដេចធិបតី ថ្លែងថា ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជាបណ្ដាក្រសួងស្ថាប័នទាំអស់ នៅពេលទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស គឺមានគោលដៅចំបងបំផុតធ្វើយ៉ាងណា ដើម្បីទាញផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
*សម្ដេចធិបតី ថ្លែងថា សង្ស័យក្រុមអ្នកវិភាគមួយចំនួន មិនហ៊ាននិយាយសរសើរពីសមិទ្ធផលរបស់កម្ពុជា ពីព្រោះខ្លាចគេនិយាយថា លក់ក្បាល។ សម្ដេចធិបតី សម្ដែងការសោកស្ដាយចំពោះអ្នកវិភាគនៅក្រៅប្រទេសមួយចំនួនតូច ដែលអង្គុយរកតែចំណុចណាមួយដើម្បីរិះគន់ និងនិយាយអាក្រក់ពីប្រទេសកម្ពុជា ដែលឥរិយាបថនេះមិនត្រឹមតែមិនបានជួយលើកមុខមាត់ប្រទេសជាតិនោះទេ ប៉ុន្ដែបែជាធ្វើឱ្យអាប់ឱនដល់មុខមាត់ប្រទេសជាតិទៅវិញ។
*សម្ដេចធិបតី ថ្លែងថា មានវិទ្យុបរទេសនៅក្រៅស្រុកមួយ មិនដែលហ៊ានផ្សាយពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលឡើយ ប៉ុន្ដែខិតខំប្រឌិតព័ត៌មានផ្សព្វផ្សាយ រឿងមិនពិត ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល ហើយធ្វើយ៉ាងណាឱ្យពលរដ្ឋខឹងស្អប់មកលើរាជរដ្ឋាភិបាល។
*សម្ដេចធិបតី ថ្លែងថា ករណីការសាងសង់ប្រាសាទនៅប្រទេសថៃ ដែលមានការប្រតិកម្មពីប្រជាពលរដ្ឋ សម្ដេចធិបតី បានណែនាំដល់ក្រសួងវប្បធម៌ ក្នុងការដោះស្រាយ នឹងពន្យល់ដល់ប្រជាពលរដ្ឋ។ ក្រៅពីនេះ សម្ដេចធិបតី ក៏បានយកករណីនេះ ពិភាក្សាជាមួយនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ ក្នុងការដោះស្រាយលើករណីនេះផងដែរ។
*សម្ដេចធិបតី ថ្លែងថា ករណីមួយចំនួនដែលបានកើតឡើង ដូចជាករណីពន្ធដារជាដើម សម្ដេច បានផ្ដល់សិទ្ធិដល់ក្រសួង ស្ថាប័នសាមី ជាអ្នកធ្វើការដោះស្រាយ និងពន្យល់ដល់ប្រជាពលរដ្ឋ ដែលនេះ គឺជារបៀបរបបក្នុងការធ្វើការងាររវាងនាយករដ្ឋមន្រ្ដីជាមួយស្ថាប័នពាក់ព័ន្ធ។
*សម្ដេចធិបតី ថ្លែងថា នៅពេលនាយករដ្ឋមន្រ្ដីថៃ អញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជា សម្ដេចធិបតី និងនាយករដ្ឋមន្រ្ដីថៃ ក៏បានពិភាក្សាគ្នា ក្នុងការពង្រីកបន្ថែមជើងហោះហើររវាងប្រទេសទាំងពីរផងដែរ។ ក្រៅពីនេះ ក៏មានកិច្ចសហប្រតិបត្តិការជាច្រើនទៀត នៅតាមច្រកព្រំដែនប្រទេសទាំងពីរផងដែរ។
*សម្ដេចធិបតី ថ្លែងថា នាខែវិច្ឆិកាខាងមុខ ក្នុងជំនួបរវាងសម្ដេចជាមួយនឹងវិស័យឯកជន សម្ដេចនឹងផ្ដល់ឱកាសដល់វិស័យឯកជន ក្នុងការលើកឡើងពីតម្រូវការ និងការចង់បានរបស់វិស័យឯកជន ដើម្បីយកមកធ្វើការដោះស្រាយ និងបំពេញបន្ថែម ខណៈវិស័យឯកជនគឺជាអ្នកបង្កើតការងារឱ្យប្រជាពលរដ្ឋ។
*សម្ដេចធិបតី ថ្លែងថា នាខែវិច្ឆិកាខាងមុខ ក្នុងជំនួបរវាងសម្ដេចជាមួយនឹងវិស័យឯកជន សម្ដេចនឹងផ្ដល់ឱកាសដល់វិស័យឯកជន ក្នុងការលើកឡើងពីតម្រូវការ និងការចង់បានរបស់វិស័យឯកជន ដើម្បីយកមកធ្វើការដោះស្រាយ និងបំពេញបន្ថែម ខណៈវិស័យឯកជនគឺជាអ្នកបង្កើតការងារឱ្យប្រជាពលរដ្ឋ។
*សម្ដេចធិបតី ថ្លែងថា រឿងពន្ធដារ គោលការណ៍ដោះស្រាយរួម នឹងប្រកាសនៅខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្ដែអ្វីដែលសម្ដេចធិបតី បញ្ជាក់ជូនប្រជាពលរដ្ឋ នាព្រឹកនេះ គឺរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងមិនមានការបង្កើតពន្ធថ្មីណាមួយបន្ថែមទៀត ចំពោះប្រជាពលរដ្ឋឡើយ។
*សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តមិនយកពន្ធលើដីកសិកម្ម សម្ភារៈកសិកម្ម កសិផលកសិកម្ម អចលនទ្រព្យតម្លៃថោកជាង ២៥០០០ ដុល្លារនោះទេ ។ ពន្ធការផ្ទេរទ្រព្យពីឪពុកម្ដាយទៅកូន, ពន្ធផ្លូវចំពោះម៉ូតូ ទោចក្រយានយន្ត ក៏បន្តមិនយកពន្ធដែរ។
*សម្ដេចធិបតី ប្រកាសណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលុបបំបាត់ការយកភាស៊ី ការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី គឺមិនត្រូវយកពន្ធទេ។ សម្ដេចធិបតី បញ្ជាក់ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវមើលលើករណីនេះ មិនត្រូវយកពន្ធលើប្រជាពលរដ្ឋឡើយ។
*សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្រ្ដីនៅតាមក្រសួងស្ថាប័ននីមួយៗ កុំអនុវត្តលើសចំពោះនីតិវិធីនៃការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យសោះ ចំពោះការអនុវត្តនីតិវិធីរបស់ខ្លួន។ករណីនេះដើម្បីកុំឱ្យបុគ្គល ១នាក់ ២នាក់ ទៅធ្វើឱ្យប៉ះពាល់ដល់ការខិតខំរបស់រាជរដ្ឋាភិបាល។
*សម្ដេចធិបតី ថ្លែងថា របៀបធ្វើការរបស់សម្ដេចទោះពេលខ្លះ មិនបានចេញសារដោយផ្ទាល់ជូនប្រជាពលរដ្ឋ ប៉ុន្ដែកិច្ចការងារទាំងធំ ឬតូច គឺសម្ដេចបានពិនិត្យដោះស្រាយ និងបានដាក់បទបញ្ជាទៅដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដោយផ្ទាល់ ក្នុងការដោះស្រាយទាំងអស់។ ខណៈពេលខ្លះម៉ោង១២ ទៅ ១ នាទីយប់ សម្ដេចនៅតាមដានព័ត៌មានដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីរុញទៅឱ្យស្ថាប័នពាក់ព័ន្ធ ក្នុងការដោះស្រាយជាបន្ទាន់។
សូមជម្រាបជូនថា រោងចក្រ សហគ្រាសទាំង២២នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៨ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន២រោងចក្រដេរស្បែកជើងចំនួន១ និងរោងចក្រផលិតឆត្រចំនួន១។ ហេីយនេះគឺជាលើកទី៥ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ស តារា