ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទេយ្យទាន ដល់ព្រះសង្ឃ និង រាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន ក្នុងវេនកាន់បិណ្ឌទី៤ នៅវត្ដសារ៉ាវ័ន្ដតេជោ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញរាប់បាត្រ ប្រគេនទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ បុព្វការីជន នៅវត្តសារ៉ាវ័ន្តតេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងវេនកាន់បិណ្ឌទី៤  នាព្រឹកថ្ងៃអង្គារ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

   សូមបញ្ជាក់ថា៖ បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីបុណ្យ តាមប្រពៃណី ជាតិរបស់ដូនតា ប្រជារាស្រ្តទូទាំងព្រះ រាជាណាចក្រ កម្ពុជា តាំងពីបុរាណ កាលតរៀងមក តែងតែមានប្រារព្ធពិធីនេះ មិនដែល អាក់ខាន ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច ថៃ្ងបញ្ចប់ គឺជាថៃ្ង ភ្ជុំបិណ្ឌ ។

     ក្នុងពិធីកាន់បិណ្ឌវេនទី៤ នេះ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសារ៉ាវ័ន្តតេជោ ទុកកសាងសមិទ្ធផលនានា ក្នុងវត្ត វេរទេយ្យវត្ថុដល់ព្រះសង្ឃ និងចង្ហាន់ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាតិកាទាំង ៧ សន្តាន ដែលបាន ចែកឋានទៅកាន់ បរលោកខាងមុខ មកទទួលយកនូវអានិសង្ឃដែលបានឧទ្ទិសជូននៅក្នុងវេនកាន់បិណ្ឌទី៤នេះ។

      ទេយ្យវត្ថុដែលបានវេរ និងប្រគេនព្រះសង្ឃក្នុងថ្ងៃនេះ រួមមាន ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, ចេក៥កេសធំ, ត្រីខ ១កេសធំ, អង្ករ ៣០០គីឡូក្រាម, មីម៉ាម៉ា ២កេសធំ, មីជាតិ ១០កេស, ស្កសរ ៣បេ, ទឹកដោះគោ ៣កេស, ទឹកស៉ីអ៉ីវ ៥យួរ, ត្រីខ ៥យួរ, ទៀនធូប និងបច្ច័យមួយ ចំនួន ផងដែរ៕ 

ដោយ៖ សំរិត


ចែករំលែក៖