ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់នៅក្នុងស្រុកភ្នំព្រឹកបង្ខំឱ្យអាជ្ញាធរជម្លៀសពលរដ្ឋប្រមាណជាង១០០គ្រួសារទៅកាន់ទីទួលសុវត្ថិភាព

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹកបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៣ខែតុលាថា÷ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹកមានភូមិចំនួន២ ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងខ្លាំងក្នុងនោះមានភូមិអូរ និងភូមិភ្នំតូច ក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ។

ឥទ្ធិពលជំនន់ទឹកភ្លៀងបានជន់លិចតាំងយប់ថ្ងៃទី២ ដល់ថ្ងៃទី៣ ខែតុលាកន្លងមកនេះបានបង្ខំឱ្យលោកចុះដឹកនាំមន្ត្រីនិងកម្លាំងគណ:បញ្ជាការស្រុកចុះប្រចាំការនៅតំបន់ដែលត្រូវប្រុងប្រយ័ត្ន និងបានជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីភូមិឋានចំនួន១៣១គ្រួសារ ស្មើ៦៥៥នាក់នាំទៅកាន់ទីទួលមានសុវត្ថិភាពត្រង់ភូមិខ្ពស់ៗក្បែរគ្នា។

មន្ត្រីមូលដ្ឋានខាងលើបន្តទៀតថា មកទល់រសៀលថ្ងៃទី៣ ខែតុលានេះទឹកជំនន់បានស្រកថយធូរស្រាលបន្តិចៗហើយ ប្រសិនបើយប់នេះ ឬនៅថ្ងៃស្អែកផ្ទៃមេឃរាំងលែងភ្លៀងនោះជំនន់ទឹកអាចនឹងធូរស្រាលប្រសើរឡើងវិញ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖