ខេត្តតាកែវ៖ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីម្នាក់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវតែមិនបានសម្រេចកាលពីវេលាម៉ោង៦និង៣៧នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិចំការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ហេីយព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបានភ្លាមៗ។
ជនរងគ្រោះឈ្មោះសេក សារុន ភេទស្រី អាយុ ៤៣ឆ្នាំ មានទីលំនៅក្នុងភូមិអង្គរជ័យ ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុនៅពេលដែលជនរងគ្រោះកំពុងជិះម៉ូតូស្ពាយកាបូបតាមផ្លូវជាតិលេខ៣ចេញពីផ្សារអង្គតាសោមដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីក្រោយធ្វេីសកម្មភាពឆក់យកកាបូបស្ពានបណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូអូសប្រហែល១០ម៉ែត្ររងរបួសស្រាល តែមិនមានបាត់បង់សម្ភារអ្វីឡើយ ហើយភ្លាមៗនោះជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុភ្លាមដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញា កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ាអធិការនគរបាលស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងប្រជាការពារបានចេញធ្វើអន្តរាគមន៍ភ្លាមៗដោយស្ទាក់ឃាត់បានជនសង្ស័យចំនួន២នាក់នៅត្រង់ចំណុចភូមិត្រពាំងខ្នារ ឃុំអង្គតាសោម។
ជនសង្ស័យទី១ ឈ្មោះនួន ចាន់ដារ៉ា ហៅរ៉ាដូ ភេទប្រុស អាយុ២០ឆ្នាំទីលំនៅភូមិ កកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ(ជាអ្នកឆក់) ទី២ឈ្មោះគា និត ហៅជីវ័នភេទប្រុស អាយុ២៤ឆ្នាំនៅភូមិបឹង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅម្ដុំវត្តជម្ពូវ័ន (ជាអ្នកបើកម៉ូតូ) ព្រមទាំងដកហូតវត្ថុតាងម៉ូតូហុងដាឌ្រីម c១២៥ ពណ៌ស ស៊េរី ឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ1.Kj 3556 ចំនួនមួយគ្រឿង។
ពេលសាកសួរជនសង្ស័យបានសារភាពថា ពួកគេទាំងពីរនាក់បានធ្វើសកម្មភាពឆក់តាមដងផ្លូវជាតិលេខ៣និងលេខ២២ចំនួន៤លើកមកហេីយ។
បច្ចុប្បន្នមត្ថកិច្ចជំនាញស្រុកកំពុងកសាងឯកសារបញ្ជូនសំណុំរឿងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕
ដោយ៖សុខាសែនជ័យ