ព័ត៌មានទាន់ហេតុការណ៍៖

ជនចំណាកស្រុកខុសច្បាប់ទាំងអស់ ត្រូវចាកចេញ មុនថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២៣

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា ប៉ាគីស្ថានបានសម្រេចចិត្តដាក់ការកំណត់ ឱ្យជនចំណាកស្រុកខុសច្បាប់ទាំងអស់ ដែលជាចម្បងរួមមានជនជាតិអាហ្វហ្កានីស្ថានជិត ១.៣លាននាក់ ត្រូវតែចាកចេញពីប្រទេសអាស៉ីខាងត្បូងនេះវិញដោយខ្លួនឯង ហើយបើពុំដូច្នោះទេនោះ ពួកគេនឹងត្រូវប្រឈមការចាប់បញ្ជូនចេញដោយបង្ខំជាក់ជាមិនខានឡើយ។
រដ្ឋមន្រ្តីមហាផ្ទៃប៉ាគីស្ថាន លោក សាហ្រ្វាស ប៊ូគទី (Sarfraz Bugti) បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា «យើងបានទុកពេលឱ្យពួកគេ (ជនចំណាកស្រុកខុសច្បាប់) ដល់ត្រឹមដំណាច់ខែតុលានេះ»។ ការដាក់ថ្ងៃកំណត់ឱ្យចាកចេញលើជនចំណាកស្រុកខុសច្បាប់នេះ ធ្វើឡើងចំពេលមានការអះអាងដោយទីក្រុងអ៉ីស្លាម៉ាបាដថា ១៤ករណី ក្នុងចំណោមសកម្មភាពវាយប្រហារបំផ្ទុះគ្រាប់បែកសរុប២៤ករណី នៅក្នុងប្រទេសខ្លួននាឆ្នាំនេះ គឺត្រូវបានប្រព្រឹត្តដោយជនជាតិអាហ្វហ្កានីស្ថាន។ បើតាមលោក Bugti ជនជាតិអាហ្វហ្កានីស្ថានប្រហែលជា ១.៧៣លាននាក់នៅប៉ាគីស្ថាន គឺពុំមានឯកសារស្របច្បាប់សម្រាប់ស្នាក់នៅឡើយ ខណៈជនភៀសខ្លួនអាហ្វហ្កានីស្ថានសរុប៤.៤លាននាក់ កំពុងរស់នៅក្នុងប្រទេសនេះ។
ប្រទេសប៉ាគីស្ថាន បានទទួលយកលំហូរធំបំផុតនៃជនភៀសខ្លួនអាហ្វហ្កានីស្ថាន គិតចាប់តាំងពីការឈ្លានពានរបស់សូវៀតលើប្រទេសពួកគេ កាលពីឆ្នាំ១៩៧៩។ ប្រមាណជា១.៣លាននាក់ នៃជនជាតិអាហ្វហ្កានីស្ថាននៅទីនោះ គឺត្រូវបានចុះបញ្ជីត្រឹមត្រូវជាជនភៀសខ្លួន ខណៈ៨៨០,០០០នាក់ផ្សេងទៀត មានសិទ្ធិស្របច្បាប់ដើម្បីស្នាក់នៅ បើយោងទៅតាមទិន្នន័យចុងក្រោយបង្អស់របស់អង្គការសហប្រជាជាតិ៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖