ព័ត៌មានទាន់ហេតុការណ៍៖

រពឹសដៃអុជផាវគប់ចូលក្នុងទីតាំងម៉ាស្សាបង្កជាជម្លោះនគរបាលចាប់ឃាត់ខ្លួនបាន៤នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងទំនើង៤នាក់ ក្នុងចំណោមបក្ខពួក៨នាក់ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ឃាត់ខ្លួនបន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះ រពឹសដៃអុជផាវគប់ចូលក្នុងទីតាំងកោសជប់ម៉ាស្សា បង្កជាជម្លោះឈានដល់ក្រុមក្មេងទាំងនោះយកដុំថ្មគប់ចូលក្នុងទីតាំងបន្ថែមទៀត បណ្ដាលឱ្យខូចខាតសម្ភារមួយចំនួន។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០២៣​ វេលាម៉ោង០១និង៤០នាទីរំលងអធ្រាត្រ​នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិរកាធំ ឃុំបែកចាន​ ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនរងគ្រោះចំនួន០២នាក់ ១-ឈ្មោះ​ អុឹម ណារី ភេទស្រី អាយុ៤៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរបេីកកន្លែងម៉ាស្សា ស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២-ឈ្មោះ អុឹម សីហា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ចំណែកជនសង្ស័យ​ ០៨នាក់​ (ប្រុស​) ឃាត់​ខ្លួន​បាន០៤នាក់​ ៖

១-ឈ្មោះ​ ហៀង លីហួ ភេទប្រុស​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្ដកណ្ដាល​  (ឃាត់ខ្លួន)​ ។ ២-ឈ្មោះ រិន ដានិ ភេទប្រុស អាយុ១៥ឆ្នាំ​ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ (ឃាត់ខ្លួន)។ ៣-ឈ្មោះ​ តុប ចិន្ដា ហៅក្រិន ភេទប្រុសអាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​  មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់​ ​ស្រុកអង្គស្នួល​ ​ខេត្តកណ្ដាល​ (ឃាត់ខ្លួន)។ ៤-ឈ្មោះ​ យ៉ាង ពៅសុវណ្ណារិទ្ធ ភេទប្រុសអាយុ១៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រពេី​ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ (ឃាត់ខ្លួន) រីឯ៤នាក់ទៀតរត់គេចខ្លួន។

សម្ភារចាប់យក៖ កាំបិតប៉័ងតោចំនួន០១ ដុំថ្មចំនួន០៤ដុំ ជារបស់ជនសង្ស័យ។ ផលប៉ះពាល់៖ បណ្ដាលឱ្យបែកបង្អួចកញ្ចក់ចំនួន០២, ទ្វារផ្ទះមានស្នាមកាប់ដោយកាំបិត។ ជនរងគ្រោះឈ្មោះ អុឹម សីហា ត្រូវរងរបួសចំស្មងជេីងខាងឆ្វេងបណ្ដាលឱ្យមុតចេញឈាម។

ប្រភពដដែលបន្តថា នៅមុនពេលកេីតហេតុ​ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣​ វេលាម៉ោង​២០និង៣០នាទី​ ជនរងគ្រោះទាំងពីរនាក់និងកូនចៅបាននៅក្នុងផ្ទះបេីកហាងម៉ាស្សាដូចរាល់ដង​ ស្រាប់តែមានជនសង្ស័យ០៦នាក់ជិះម៉ូតូ០៣គ្រឿង​មកពីទិសខាងត្បូង(បឹងធំ-បែកចាន)បានជិះយឺតៗមកដល់មុខហាងម៉ាស្សាក៏បានដុតផាវបោះចូលមុខហាងម៉ាស្សាផ្ទុះបណ្ដាលឱ្យភ្ញាក់​ ហេីយជនរងគ្រោះបានស្រែកជេរទៅជនសង្ស័យទាំងនោះថា(អេីពួកអាចុយម្រា៉យអត់ការងារធ្វេីទេបានជាដេីរដុតផាវបោះចូលផ្ទះគេចឹង! ) ។ ភ្លាមនោះជនសង្ស័យក៏បានស្រែកជេរតបមកវិញ​ រួចហេីយជនសង្ស័យក៏បានបេីកម៉ូតូទៅទិសខាងជេីងបាត់ទៅ។ មួយសន្ទុះក្រោយមកពួកជនសង្ស័យបានជិះម៉ូតូទៅវិញទៅមកចំនួនបីដងតែមិនបានធ្វេីសកម្មភាពអ្វីទេ។ លុះដល់ម៉ោង០១និង៤០នាទីរំលងអធ្រាត្រ​  ឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ជនសង្សយ័ក៏បាននាំគ្នាជិះម៉ូតូ០៤គ្រឿងមានគ្នា០៨នាក់មកដល់មុខហាងម៉ាស្សាជនរងគ្រោះរួចបាននាំគ្នាចុះពីលេីម៉ូតូនិងយកដុំថ្មគប់ទៅលេីហាងជនរងគ្រោះបណ្ដាលឱ្យបែកអង្អួចកញ្ចក់អស់ពីរ​ ហេីយជនរងគ្រោះបាននាំគ្នារត់ចូលទៅក្នុងហាងនិងទាញទ្វារបិទ តែបិទមិនទាន់ក៏ត្រូវពួកជនសង្សយ័គប់ត្រូវចំស្មងជេីងជនរងគ្រោះឈ្មោះ​ អុឹម សីហា​ បណ្ដាលឱ្យរបួសចេញឈាម ។ ពេលជនរងគ្រោះបិទទ្វាររួចហេីយបក្ខពួកជនសង្ស័យបានយកកាំបិតប៉័ងតោកាប់ទ្វារហាងជនរងគ្រោះធ្វេីឱ្យខូចខាតទាំងស្រុង​រួចគេចខ្លួនអស់​ ចំណែកជនរងគ្រោះបានរាយការណ៍និងដាក់ពាក្យបណ្តឹង​មកប៉ុស្តិ៍រដ្ឋបាល​ ។ 

ក្រោយពីទទួលបានព័ត៌មាន​ភ្លាម​ កម្លាំងប៉ុស្តិ៍បែកចាននិងកម្លាំងប៉ុស្តិ៍ក្រាំងម្កាក់​ បានសហការជាមួយកម្លាំងផ្នែកជំនាញ​នគរបាលយុត្តិធម៌ស្រុក​ បានចុះទៅដល់កន្លែងកេីតហេតុ​ធ្វេីការស្រាវជ្រាវតាមរកឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់​ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក​ សួរនាំបន្ត។ 

នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យ​បានឆ្លេីយសារភាពថា​ ពួកខ្លួនពិតជាបានធ្វេីសកម្មភាព​យកកាំបិតកាប់​និងយកដុំថ្មគប់ទៅលេីជនរងគ្រោះ​ប្រាកដមែន។ 

ចំពោះករណីនេះកម្លាំងផ្នែកជំនាញ​ កំពុង​កសាង​សំណុំ​រឿង​តាមនីតិវិធីច្បាប់​៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖