ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃជំនួបរវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Sardar Umar Alam នាយកអង្គការយូណេស្កូប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃទី០៥​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃជំនួបរវាង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Sardar Umar Alam នាយកអង្គការយូណេស្កូប្រចាំកម្ពុជា កាលពីថ្ងៃទី៤ ខែតុលាម្សិលមិញនេះ។

នៅក្នុង​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍​ បានបញ្ជាក់ថា​ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Sardar Umar Alam នាយកអង្គការយូណេស្កូបចាំកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ឆ្ពោះទៅការលើកកម្ពស់ ការអភិវឌ្ឍទេសចរណ៍ និងការអភិរក្សវប្បធម៌នៅកម្ពុជា ប្រកបដោយចីរភាព។

នាឱកាសនេះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Sardar Umar Alam ដែលបានខិតខំក្នុងការលើកស្ទួយការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជា ជាពិសេស ការសម្រេចបាននូវជោគជ័យក្នុងការដាក់បញ្ចូលតំបន់ប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីពេលថ្មីៗនេះ។

លោក Sardar Umar Alam បានអបអរសាទរចំពោះ លោករដ្ឋមន្ត្រី ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ និងបានសំដែងនូវការកោតសរសើរចំពោះកេរដំណែល ស្នាដៃរបស់ សម្តេចវិបុលបញ្ញា សុខ អាន ក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិវប្បធម៌កម្ពុជានាពេល កន្លងមក ហើយដែលបានក្លាយជាមូលដ្ឋានដ៏រឹងមាំក្នុងការងារអភិរក្សសម្បត្តិវប្បធម៌របស់កម្ពុជា រហូតមក ដល់បច្ចុប្បន្ន។ លោក Sardar Umar Alam ក៏បានសំដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាង ក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ក្នុងការរួមដៃគ្នាអភិរក្ស និងអភិវឌ្ឍប្រាង្គប្រាសាទបុរាណ វប្បធម៌ និងប្រពៃណីកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ ពិសេសទេសចរណ៍វប្បធម៌កម្ពុជាប្រកបដោយ ចីរភាព។ 

លោក Sardar Umar Alam ក៏បានលើកឡើងនូវគម្រោងជាច្រើនដែលទាក់ទងនឹងវិស័យ ទេសចរណ៍ ពិសេសស្នើសុំការគាំទ្ររបស់ក្រសួងទេសចរណ៍ ក្នុងការសហការសិក្សាលទ្ធភាពដាក់បញ្ចូល សម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា ចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ។

ជាមួយគ្នានេះ​ លោករដ្ឋមន្ត្រី និង លោក Sardar Umar Alam បានឯកភាពគ្នាលើគំនិតផ្តួចផ្តើមនានាក្នុងការ ជំរុញការអភិរក្ស និងអភិវឌ្ឍទេសចរណ៍កម្ពុជា ដែលជាចលករក្នុងការលើកស្ទួយជីវភាពប្រជាជនមូលដ្ឋាន នូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌ បន្ថែមទៀត តាមរយៈការអនុវត្តរួមនូវគម្រោងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌៕

ដោយ​៖សហការី​


ចែករំលែក៖