ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ដាក់ចេញនូវចក្ខុវិស័យជាអាទិភាពគន្លឺះ គឺបង្កើន៥និងអភិវឌ្ឍ៣ សម្រាប់ការអនុវត្តវិស័យទេសចរណ៍នៅខេត្តសៀមរាបនាពេលខាងមុខ

ចែករំលែក៖

ខេត្តសៀមរាប ៖ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប កាលពីរេសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលលនិងពិភាក្សាការងារជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបក្នុង គោលបំណងជជែកពិភាក្សាលើបញ្ហាប្រឈមនិងតម្រូវការមួយចំនួន ដើម្បីប្រមូលធាតុចូលសំខាន់ៗពីវិស័យឯកជនពាក់ព័ន្ឋ ទៅនឹងវិស័យទេសចរណ៍ ខណៈដែលវិស័យមួយនេះត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់និងជាគោលដៅដ៏ចម្បងបំផុត ដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញទាំងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីប្រភពទីផ្សារសំខាន់ៗ ។ នេះជាការបញ្ជាក់ពីខាង អង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ 

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖ ដើម្បីសម្រេចបានកំណើនទេសចរនិងភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយបណ្តាប្រទេសនានាក្នុងសកលលោក ទាំងក្នុងរយៈពេលមធ្យមឬវែង ក្រសួងទសចរណ៍បាននឹងកំពុងគិតគូរនិងរកដំណោះស្រាយជាលក្ខណៈប្រព័ន្ឋ ដើម្បីឱ្យលេចចេញនូវភាពវិជ្ជមានសម្រាប់ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានារបស់វិស័យឯកជនតាមរយៈការដាក់ចេញនូវចក្ខុវិស័យជាអាទិភាពសម្រាប់អនុវត្តរយៈពេល៥ឆ្នាំទៅមុខគឺបង្កើន៥និងអភិវឌ្ឍ៣ ដែលជាយុទ្ឋសាស្ត្រគន្លឺះសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ឋទៅនឹងវិស័យទេសចរណ៍។

លោកបញ្ជាក់ថា៖ អត្ថន័យនៃការបង្កើន៥នោះគឺទី-១ បង្កើននូវប្រសិទ្ឋិភាពនៃការគ្រប់គ្រងប្រសិទ្ឋិនាមរបស់កម្ពុជា   , ។

ទី-២បង្កើនប្រសិទ្ឋភាពនៃការផ្សព្វផ្សាយ ភាពទាក់ទាញទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ , ។

ទី-៣បង្កើនប្រសិទ្ឋភាពនៃការគ្រប់គ្រងនិងសម្របសម្រួលពាក់ព័ន្ឋពីការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរឹងនិងទន់ ,។

 ទី-៤បង្កើនការអភិវឌ្ឍផលិតផលទេសចរណ៍ ។

 និងទី-៥ បង្កើនការងារប្រសិទ្ឋភាពនៃការអភិវឌ្ឍធនធាននិងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ហើយចំណែកការងារអភិវឌ្ឍ៣រួមមាន៖

ទី-១រៀបចំយន្តការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិសំដៅធ្វើការគ្រប់គ្រងការងារស្នូលទាំង៥ខាងលើឱ្យមានប្រសិទ្ឋិភាពខ្ពស់។

 ទី-២អភិវឌ្ឍកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ។

 និងទី-៣គឺការអភិវឌ្ឍធនធានមនុស្សនិងពង្រឹង គុណភាព សមត្ថភាពការងារដល់មន្ត្រីដើម្បីធានាបានការផ្តល់សេវាជូនប្រជាជនក៏ដូចជាការពង្រឹងដល់យុទ្ឋសាស្ត្រដែលបានដាក់ចេញខាងលើនេះ។

លោកបន្តថា នៅឆ្នាំ២០១៩ ភ្ញៀវទេសចរមានចំនួន៦,៦លាននាក់ ដោយឡែកខេត្តសៀមរាបចំនួន២,៥លាននាក់ ប៉ុន្តែដោយសារវិបត្តិជាសកលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ ចាប់ពីដើមឆ្នាំ២០២០ មក ហើយបើទោះបីបច្ចុប្បន្ន វិបត្តិកូវីដ-១៩ បានធូរស្រាល និងមានការបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៃចរន្តទេសចរណ៍នៅលើពិភពលោកក្ដី ក៏វិស័យទេសចរណ៍ខេត្តសៀមរាប នៅពុំទាន់មានកំណើនគួរឱ្យកត់សំគាល់នៅឡើយបើប្រៀបធៀបទៅនឹងមុនវិបត្តិកូវីដ-១៩ ដូច្នេះកិច្ចប្រជុំនាពេលនេះ នឹងវាយតម្លៃអំពីស្ថានភាពជាក់ស្តែង និងយោងទៅលើភូមិសាស្ត្រនយោបាយនិងកត្តាសេដ្ឋកិច្ចមួយចំនួន ភ្ញៀវទេសចរបរទេសនឹងងើបឡើងវិញនៅឆ្នាំ២០២៥ ដើម្បីទទួលបានកំណើនទេសចរណ៍ ប៉ុន្តែទាមទារឱ្យមានការពង្រឹងឆន្ទៈពីគ្រប់តួអង្គពាក់ព័ន្ឋវិស័យទេសចរណ៍ទាំងអស់និងឈរលើភាពជាដៃគូពិតប្រាកដជាមួយគ្នា។

លោក យុន លីនណេ អភិបាលរងខេត្តមានប្រសាសន៍ថា៖កន្លងមកការផ្សព្វផ្សាយអំពីទេសចរណ៍ខេត្តសៀមរាបគឺ បានដើរស្របទៅនឹងភាពល្បីល្បាញរបស់ប្រាសាទ ពិសេសអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តសៀមរាប ដែលសកម្មភាពនៃការផ្សព្វផ្សាយនេះត្រូវបន្តជំរុញបន្ថែមទៀតដើម្បីឆ្លើយតប នឹងតម្រូវការជាក់ស្តែងរបស់ខេត្តសៀមរាបក្នុងមជ្ឈដ្ឋាន ដែលពោរពេញដោយភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងខ្ពស់ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងការវិវត្តន៍ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា ។ 

លោកបន្តថា ជាចក្ខុវិស័យរបស់រដ្ឋបាលខេត្ត ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ត្រូវដើរស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ២០២១-២០៣៥ និងផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦ ដែលធ្វើយ៉ាង ណាទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុង ឱ្យត្រលប់មកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ដើម្បីក្តាប់យកមកវិញនូវមោទនភាពជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់កម្ពុជា   និងជាគោលដៅចម្បងក្នុងតំបន់អាស៊ីអាគ្នេយ៍ទៅថ្ងៃខាងមុខ ៕

ដោយ ៖ សហការី


ចែករំលែក៖