ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកព្យាយាមរៀបចំជំនួបផ្ទាល់ជាមួយលោកពូទីន និងលោកស៊ី ជីនពីង

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា សេតវិមានបានចាប់ផ្ដើមបង្កើតផែនការដើម្បីរៀបចំជំនួបទល់មុខរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងទីក្រុង San Francisco នៅខែវិច្ឆិកាខាងមុខ។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការចេញផ្សាយដោយសារព័ត៌មានអាមេរិក Washington Post នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ Washington Post ដោយទទួលបានប្រភពពីក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា លទ្ធភាពនៃជំនួបរវាងលោក ចូ បៃដិន នឹងលោក ស៊ី ជិនពីង អាចនឹងកើតមានឡើងគឺមានភាពរឹងមាំ ខណៈដែលនីតិវិធីនៃផែនការរៀបចំជំនួបនេះបានចាប់ផ្ដើមហើយ។ ក៏ប៉ុន្តែ ភា្លមៗស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកនិងសេតវិមានមិនឆ្លើយតប ឬធ្វើអត្ថាធិប្បាយអ្វីនោះទេចំពោះសេចក្ដីរាយការណ៍នេះ។
លោក ចូ បៃដិន និងលោក ស៊ី ជិនពីង បានជួបគ្នាដោយផ្ទាល់លើកចុងក្រោយបំផុតនាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ ចំណែក ទីក្រុង San Francisco របស់សហរដ្ឋអាមេរិក នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APEC នៅខែវិច្ឆិកាខាងមុខ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN -VNA


ចែករំលែក៖