ភ្នំពេញ ៖ នៅទីស្តីការក្រសួង នារសៀលថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារលើវិស័យធនធានទឹកជាមួយគណៈប្រតិភូអូស្ត្រាលីដឹកនាំដោយឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអូស្រ្តាលី និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈឯកឧត្តមឯកអគ្គរាជទូត ដែលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសសម្រាប់វិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់រួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។
សូមជម្រាបថា កន្លងមករាជរដ្ឋាភិបាលអូស្រ្តាលីបានជួយជំនួយឥតសំណងក្នុងការអនុវត្តគម្រោងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (កាវ៉ាក់១ និងកាវ៉ាក់២) ហើយតាមរយ:គម្រោងនេះ ប្រព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយបានជួយជំរុញឱ្យប្រជាកសិករមានទឹកប្រើប្រាស់គ្រប់គ្រាន់ សម្រាប់វិស័យកសិកម្មនៅក្នុងខេត្តគោលដៅ។ គម្រោងកាវ៉ាក់មិនត្រឹមតែបានជួយលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែបានជួយជំរុញកំណើនសេដ្ឋកិច្ចជនបទឱ្យមានការរីកចម្រើនទ្វេដង។
លោករដ្ឋមន្ត្រី ក៏បានជម្រាបគណៈប្រតិភូថាកន្លងមកនេះ រាជរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជំនួយសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងសន្តិសុខទឹកកម្ពុជា (Cambodia Water Security Improvements Project) របស់ធនាគារពិភពលោក (World Bank) ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តឆាប់ៗ ខាងមុខ និងបានស្នើសុំភាគីអូស្រ្តាលីបន្តកិច្ចសហការ ដើម្បីឱ្យការអនុវត្តគម្រោងនេះបានប្រព្រឹត្តទៅកាន់តែឆាប់។ ក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តសហការឱ្យកាន់តែស្និទ្ធស្នាលជាមួយភាគីអូស្រ្តាលី ដើម្បីធ្វើការសិក្សាលើគម្រោងជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលអូស្រ្តាលីដោយផ្តោតចម្បងលើសន្តិសុខសុវត្ថិភាពទឹក និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះដែរ លោក ឯកអគ្គរាជទូតបានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តរួមចំណែកដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាក៏ដូចជាវិស័យធនធានទឹកឱ្យកាន់តែមានការវិវត្តរីកចម្រើនបន្ថែមទៀត។
ជំនួបពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយ ដោយភាគីទាំងពីរប្តេជ្ញាបន្តកិច្ចសហការ ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ ៖ សហការី