ព័ត៌មានទាន់ហេតុការណ៍៖

ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៣ បានទៅលើស្ត្រីសកម្មជនការពារសិទ្ធិសេរីភាពរបស់ស្ត្រី

ចែករំលែក៖

លោកស្រី Narges Mohammadi ជាសកម្មជនគាំទ្រសិទ្ធិមនុស្ស និងជាអ្នកតស៊ូដើម្បីសេរីភាព ។ ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៣នេះ ត្រូវបានទៅលើសកម្មជនលើកកម្ពស់សិទ្ធិស្រ្តីមួយរូប គឺលោកស្រី Narges Mohammadi ដែលកំពុងជាប់ក្នុងពន្ធនាគារនៅប្រទេសអ៉ីរ៉ង់។
សារព័ត៌មាន AFP នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា ក្នុងនាមជាសកម្មជនសិទ្ធិមនុស្សឈានមុខគេមួយរូបនៅប្រទេសអ៉ីរ៉ង់ លោកស្រី Mohammadi បានខិតខំតស៊ូទាមទារសិទ្ធិសម្រាប់ស្រ្តី នៅក្នុងសាធារណរដ្ឋអ៉ីស្លាមមួយនេះ ព្រមទាំងអំពាវនាវឱ្យលុបបំបាត់ចោលទោសប្រហារជីវិត។ នាថ្ងៃសុក្រនេះ គណៈកម្មាធិការណូបែលប្រទេសន័រវែស បានប្រកាសពីការសម្រេចចិត្តផ្តល់ពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០២៣ ឱ្យទៅលោកស្រី Narges Mohammadi សម្រាប់កិច្ចប្រឹងប្រែងរបស់លោកស្រី ក្នុងការប្រឆាំងតស៊ូនឹងការគាបសង្កត់ជិះជាន់លើស្រ្តីភេទនៅប្រទេសអ៉ីរ៉ង់ ក៏ដូចជាការខិតខំរបស់លោកស្រី ដើម្បីលើកកម្ពស់សិទ្ធិនិងសេរីភាពសម្រាប់មនុស្សគ្រប់រូប។
សព្វថ្ងៃលោកស្រី Mohammadi កំពុងជាប់ឃុំឃាំងនៅពន្ធនាគារ Evin Prison ក្នុងរដ្ឋធានីតេហេរ៉ង់ សម្រាប់រយៈពេលសរុប១២ឆ្នាំ ខណៈពីមុនមកលោកស្រី ក៏ធ្លាប់ជាប់ពន្ធនាគារផងដែរ។ លោកស្រី គឺជាអនុប្រធានអង្គការសិទ្ធិមនុស្ស Defenders of Human Rights Centre ដែលត្រូវបានបង្កើតឡើងដោយ មេធាវីសិទ្ធិមនុស្សម្នាក់ឈ្មោះ Shirin Ebadi។ លោកស្រី Ebadi ផ្ទាល់ ក៏ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពផងដែរ កាលពីឆ្នាំ២០០៣។
ពានរង្វាន់ណូបែលខាងលើ ភ្ជាប់ជាមួយមេដាយមាស១គ្រឿង វិញ្ញាបនបត្រ១សន្លឹក និងថវិកា១១លានក្រោនស៊ុយអែត ឬស្មើនឹងខ្ទង់១លានដុល្លារអាមេរិក។ ពានរង្វាន់នោះនឹងត្រូវប្រគល់ជាផ្លូវការ ក្នុងកម្មវិធីមួយដែលរៀបចំឡើងនៅទីក្រុងអូស្លូ នាថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីឱ្យចំខួបមរណភាពរបស់ឧស្សាហករជនជាតិស៊ុយអែត លោក Alfred Nobel ដែលបានបង្កើតកម្មវិធីផ្តល់ពានរង្វាន់នេះ តាមរយៈបណ្តាំមរតករបស់លោក កាលពីឆ្នាំ១៨៩៥៕

ដោយ៖ ធីរីណា(រូប​ថត​៖ AP)


ចែករំលែក៖