ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេច លេខ ២២៥/០០៧/២០២៣ កបធ.ច ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ហើយដែលមានសេចក្តីទាំងស្រុង :
ច្បាប់ ស្តីពី ការបង្កើតក្រសួងអធិការកិច្ច
មាត្រា១ -ត្រូវបានបង្កើតក្រសួងអធិការកិច្ច ចំណុះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា២ -ក្រសួងអធិការកិច្ចមានសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា៣ -ក្រសួងអធិការកិច្ចត្រូវដឹកនាំនិងគ្រប់គ្រងដោយរដ្ឋមន្ត្រីមួយរូប អមដោយរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការមួយចំនួនតាមការចាំបាច់។ រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការបំពេញភារកិច្ចតាមការប្រគល់ពីរដ្ឋមន្ត្រី។
មាត្រា៤ -ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ចត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា៥ -ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យអធិការកិច្ចដែលនៅជាធរមាន ត្រូវមានអានុភាព អនុវត្តបន្តរហូតដល់មានការកំណត់ជាថ្មី ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
មាត្រា៦ – លិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីការបង្កើតក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវមានអានុភាពអនុវត្តបន្តទៅមុខទៀតរហូតដល់មានលិខិតបទដ្ឋាន គតិយុត្តថ្មីមកជំនួស ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
មាត្រា៧ -ការងារ និងរចនាសម្ព័ន្ធទាំងឡាយ ដោយរួមទាំងមន្ត្រីរាជការ បុគ្គលិក ចលនទ្រព្យ និងអចលនទ្រព្យ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវធ្វើសមាហរណកម្មឱ្យស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ក្រសួងអធិការកិច្ច។
មាត្រា៨ -មន្ត្រីរាជការនិងបុគ្គលិក ដែលកំពុងបម្រើការងារនៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបន្តអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ស្របតាមលិខិតបទដ្ឋានគតិយុត្តដែលមានមុន ពេលច្បាប់នេះចូលជាធរមាន រហូតដល់មានការរៀបចំចាត់ចែងនិងតែងតាំងជាថ្មី ស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។
មាត្រា៩ – ច្បាប់ស្តីពីការបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលត្រូវបានប្រកាស ឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៥ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៩ និងបទប្បញ្ញត្តិ ទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះត្រូវទុកជានិរាករណ៍។
មាត្រា១០ .-ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់ ៕
ដោយ ៖ សុខ ខេមរា