សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយនិយាយថា ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីជាច្រើនលើកនៅភាគខាងលិចប្រទេសអាហ្វហ្កានីស្ថាន បានកើនឡើងដល់ ១២០នាក់ហើយនិងជាង ១ពាន់នាក់រងរបួស។
អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថាន បាននិយាយថា តួលេខនៃអ្នកស្លាប់គឺផ្អែកលើរបាយការណ៍បឋមពីស្រុក Zinda Jan នៃទីក្រុង Herat។ ការរញ្ជួយដីក៏បានអង្រួនទីក្រុង Farah និង Badghis ផងដែរ ហើយមានសេចក្តីរាយការណ៍ពីការបំផ្លិចបំផ្លាញផ្ទះជាច្រើនខ្នង នៅភូមិចំនួន១២ ក្នុងប្រទេសនេះ។
លោកស្រី Erfanullah Sharafzoi អ្នកនាំពាក្យរបស់អឌ្ឍចន្ទក្រហមអាហ្វហ្គានីស្ថាន បានឲ្យដឹងថា ក្រុមសង្គ្រោះបន្ទាន់ និងអ្នកស្ម័គ្រចិត្តកំពុងចេញទៅកាន់ទីក្រុង Herat ដើម្បីជួយដល់ជនរងគ្រោះ។
គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារលើភាគខាងលិចប្រទេសអាហ្វហ្កានីស្ថាន នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែតុលានេះ (ម៉ោងក្នុងតំបន់) ដោយមានចំណុចកណ្ដាលស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុង Herat។ បន្ទាប់ពីគ្រោះរញ្ជួយដីនេះក៏មាន រំញ័រមួយផ្សេងទៀតកម្រិត ៥.៥រ៉ិចទ័រផងដែរ៕

ដោយ៖ ធីរីណា(រូបថត៖ AFP)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច