ការធ្វើបច្ចុប្បន្នភាពតួលេខចុងក្រោយបំផុត នាថ្ងៃអាទិត្យនេះបានបង្ហាញឱ្យឃើញថា ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍រញ្ជួយដី នៅភាគខាងលិច ប្រទេសអាហ្វហ្កានីស្ថាន បានកើនឡើងយ៉ាងគំហុកលើស ២,៤០០នាក់។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។
គ្រោះរញ្ជួយផែនដីយ៉ាងប្រល័យខាងលើ មានកម្រិត៦.៣រ៉ិចទ័រ ហើយបានកើតឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ នៅចម្ងាយប្រមាណជា៣៥គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Herat នៃខេត្ត Herat របស់អាហ្វហ្កានីស្ថាន។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានប្រាប់ Reuters ថាមនុស្សសរុបកើនដល់ ២,៤៤៥នាក់ បានបាត់បង់ជីវិតនៅក្នុងភូមិចំនួន១៣ និង៩,២៤០នាក់ផ្សេងទៀតបានរងរបួស ហើយលំនៅឋាន១,៣២០ខ្នង ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។
អាហ្វហ្កានីស្ថាន តែងទទួលរងការវាយប្រហារជាញឹកញាប់ដោយគ្រោះរញ្ជួយដី ជាពិសេសនៅម្តុំតំបន់ជួរភ្នំ Hindu Kush ដែលលាតសន្ធឹងលើចំណុច ប្រសព្វរវាងផ្លាកតិចតូនិចអឺរ៉ាស៉ីនិងឥណ្ឌា។ កាលពីខែមិថុនា ឆ្នាំ២០២២ មនុស្សជាង១,០០០នាក់បានស្លាប់ និងរាប់ម៉ឺននាក់ទៀតបានបាត់បង់ផ្ទះសម្បែង ក្រោយគ្រោះរញ្ជួយដីមួយកម្រិត៥.៩រ៉ិចទ័រ បានអង្រួនខេត្ត Paktika របស់អាហ្វហ្កានីស្ថាន៕
ដោយ៖ ធីរីណា(រូបថត៖ hanoimoi.vn)