ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រតិបត្តិការ៣ថ្ងៃ បង្ក្រាបក្រុមជនជាតិចិន៣នាក់ ដក ហូតគ្រឿងញៀន និងអាវុធទំនើបជាច្រើនដើម ។
នេះយោងតាម Chanel Telegram កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ការបើកប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិននេះ ធ្វើតាមបណ្តឹងជនរងគ្រោះ កាលពីវេលាម៉ោង១៤និង៥៣ នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ បានទទួលបណ្តឹងពីឈ្មោះ ងួន សុខុម ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងហាងស្បែកជើងម៉ាកណៃគី ស្នាក់នៅភូមិ៥សង្កាត់៤ ក្រុងព្រះសីហនុ ប្តឹងទៅលើជនសង្ស័យមិនស្គាល់អត្ត សញ្ញាណចំនួន ២នាក់ ប្រើគណនីតេឡេក្រាមឈ្មោះ SAO ZHU 11 ផ្ញើវីដេអូដៃកាន់កាំភ្លើងខ្លី ផ្ញើសារសម្លេងគំរាមកំហែងលើឈ្មោះ ងួន សុខុម ។
ប្រភពដដែលឲ្យដឹងទៀតថា រហូតដល់ម៉ោង១៨និង ៣៥នាទី ថ្ងៃ ខែ ឆ្នាំដដែល កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី តាក វីរៈ នាយការិយាល័យ ចុះទៅចំណុចមុខផ្សារទំនើបព្រីនម៉ល ស្ថិតក្នុងភូមិ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ បាននាំខ្លួនខ្លួនសង្ស័យចំនួន ២នាក់ ឈ្មោះ GANG ZHAO KUN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិក កុំព្យូទ័រស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ និងឈ្មោះ XIONG KUA ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរបុគ្គលិកកុំព្យូទ័រស្នាក់នៅ ភូមិ១សង្កាត់៣ ក្រុងព្រះសីហនុ និងចាប់យកវត្ថុតាង ទូរស័ព្ទចំនួន ០២គ្រឿង, ម្សៅសថ្លា និងគ្រាប់ពណ៌ក្រហមសង្ស័យសារធាតុញៀន១ កញ្ចប់, រថយន្ត១គ្រឿង។
បន្ទាប់ពីសាកសួរលើជនសង្ស័យទាំង២នាក់ខាងលើ បានសារភាព ខ្លួនបានលាក់ទុកអាវុធចំនួន ៤ដើម នៅក្នុងបន្ទប់បឹងហ្កាឡូដែលខ្លួនស្នាក់នៅស្ថិតក្នុងភូមិ២ សង្កាត់៣ក្រុងព្រះសីហនុ។ ក្រោយស្តាប់ចម្លើយនៅវេលាម៉ោង២០ ថ្ងៃ ខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ កម្លាំងបានចុះទៅចំណុចបឹងហ្កាឡូមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ និងបានធ្វើឆែកឆេររកឃើញវត្ថុតាងរួមមានអាវុធវែងម៉ាក INDONESIA លេខ SS1-V1KAI556 ចំនួន១ដើម បង់១គ្រាប់ចំនួន ១៦គ្រាប់,អាវុធវែងម៉ាក REMINGTON-MODEL870 ចំនួន ០១ដើម (គ្មានគ្រាប់), អាវុធវែងម៉ាក COLT-DEFFENSE ចំនួន១ដើម (កាំភ្លើងជ័រ), អាវុធខ្លីម៉ាក GLOCK19 ចំនួន១ដើម,បង់ ០១ គ្រាប់ចំនួន៦គ្រាប់, ម៉ូតូចំនួន១គ្រឿងម៉ាក KAWASAKI ZX10R ពណ៌ខ្មៅ+បៃតង គ្មានស្លាកលេខ, កែវឆ្លុះចំនួន៣, គ្រាប់ហ្វាំងដឺឡុងចំនួន២គ្រាប់, ម្សៅពណ៌សចំនួន ០៨កញ្ចប់ ទម្ងន់ ៣,៤៥៤.៦ក្រាម, ម្សៅសថ្លាចំនួន ០៦កញ្ចប់ ទម្ងន់៥៥៧,៥ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៦៨គ្រាប់ ទម្ងន់៧,៩១ក្រាម, ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន ០៣គ្រាប់ ទម្ងន់១,៥៨ក្រាម, ថ្នាំបន្ទះពណ៌បៃតងចំនួន ០៤បន្ទះ ទម្ងន់១០,៨ក្រាម, ថ្នាំកញ្ចប់ពណ៌ប្រផេះចំនួន ៥០កញ្ចប់ ទម្ងន់១.០៣៣,៣ក្រាម, ខ្សៀជក់ចំនួន ១០, ដបជក់ចំនួន ០៣, ទូរស័ព្ទដៃចំនួន ០២គ្រឿង, កុំព្យូទ័រយួរដៃចំនួន ០១គ្រឿង, ម៉ាស៊ីនវេចខ្ចប់ចំនួន ០១ឈុត, អត្តសញ្ញាណប័ណ្ណសញ្ជាតិចិនចំនួន ០១សន្លឹក, ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ចំនួន ០១សន្លឹក, ជញ្ជីងថ្លឹងថ្នាំចំនួន ០៣, បារីអេឡិចត្រូនិកចំនួន ០២, សម្ភារវេចខ្ចប់មួយចំនួន។
រហូតដល់ម៉ោង៨និង៣០ នាទី ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ បន្ថែមទៀត នៅចំណុចផ្ទះវីឡា ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានឈ្មោះ NING FEI ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និង ឈ្មោះ LIANG JUN YONG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ នឹងបានចាប់យកវត្ថុតាង ម្សៅពណ៌ស ចំនួន ១៦កញ្ចប់ ទម្ងន់១១.៤០០,១ ក្រាម, ម្សៅសថ្លាចំនួន ០១កញ្ចប់ ទម្ងន់ ១៦,៤ ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន០១កញ្ចប់ =៨៣ គ្រាប់ទម្ងន់ ៨,៤ ក្រាម, ដបជក់ចំនួន ០៣, ជ្រុញចំនួន ០១, បារីអេឡិចត្រូនិច ចំនួន ០២ដើម, គ្រាប់កាំភ្លើង ចំនួន ០២ គ្រាប់, អត្តសញ្ញាណប័ណ្ណកងទ័ពជនជាតិចិន ចំនួន ០១សន្លឹក, កាតចំនួន ០៣ សន្លឹក, សម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ ឈ្មោះ NING FEI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយសារគាត់បានលោតពីលើអគារស្នាក់នៅ ពេលសមត្ថកិច្ច ចុះបង្ក្រាប បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ (បាក់ជើងភ្លៅខាងឆ្វេង)៕
ដោយ៖ សូរិយា