ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរពិធី​ប្រកាសចូលកាន់មុខតំណែង លោកសរសុដានី និងលោកម៉ែនកល្យាណ ជា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសចូលកាន់មុខតំណែង លោកសរសុដានី និងលោកម៉ែនកល្យាណ ជា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៩ខែតុលាឆ្នាំ២០២៣នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

មានប្រសាសន៍ទៅកាន់ពិធីនេះលោកប៉េង ពោធិសា អភិបាលខេត្ត​ស្វាយរៀង បានថ្លែងថា​ ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត សូមចូលរួម អបអរសាទរ និងមានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្ដមអភិបាលរងខេត្តថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទីភារកិច្ច និងការទទួល ខុសត្រូវរបស់ខ្លួនប្រកប ដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែក ធ្វើឲ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរ ជាក់ស្តែងពិតប្រាកដ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោក ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ។

ទន្ទឹមនឹងការថ្លែងនូវការអបអរសាទរ​ លោកបានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្តដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនបន្ថែមទៀត​។ ទន្ទឹមនោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនជាដេីម ។

យោងតាមអនុក្រឹត្យលេខ១១១៩ អនក្រ.តត ចុះថ្ងៃអង្គារ​១២រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២​ ខែកញ្ញាឆ្នាំ២០២៣ត្រូវបានតែងតាំង៖

១-​ លោក​ ម៉ែន​ កល្យាណ​  ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ជាអភិបាលរងខេត្តស្វាយរៀង។

១-លោក​ សរ​ សុដានី​ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣​ ជាអភិបាលរងខេត្តស្វាយរៀង ៕

ដោយ៖ សុថាន


ចែករំលែក៖