ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតខ្មែរ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានគោទឹកដោះក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ សូមអបរសាទរ ! និស្សិតខ្មែរ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានគោទឹកដោះក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពហើយ ក្រោយមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ក្រសួងការបរទេស មន្រ្តីទូត និងអាជ្ញាធរអ៉ីស្រាអែល! ។ 

និស្សិត ស៊ុំ ភិរុណ បានប្រាប់ថា នៅពេលនេះពួកគេទាំង៣នាក់ បានមកដល់កន្លែងសុវត្តិភាពហើយ​។ មុនពេលមានកិច្ចអន្តរាគមន៍ និស្សិតខ្មែរយើងទាំង៣នាក់ មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារគ្រាប់ធ្លាក់នៅក្បែរកសិដ្ឋាន និងមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំង ហើយអ្វីដែលព្រួបារម្ភខ្លាំងនោះស្បៀងអាហារក៏ជិតអស់ទៀត តែពេលនេះប្អូនៗមានសុវត្ថិភាពហើយ! សូមជូនពរប្អូនៗ និងនិស្សិតយើងផ្សេងទៀត ចៀសផុតពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ!

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមផ្តល់បច្ចុប្បន្នភាពបន្ថែមអំពីការវិវត្តសភាព ការណ៍ពាក់ព័ន្ធនឹងនិស្សិតនិងពលរដ្ឋកម្ពុជា នៅប្រទេសអ៊ីស្រាអែល ដូចតទៅ៖

១. នៅប្រទេសអ៊ីស្រាអែល មានពលរដ្ឋកម្ពុជា ដែលភាគច្រើនជានិស្សិត កំពុងស្នាក់នៅនិងសិក្សា ចំនួនប្រមាណ ៤៥០ រូប ក្រសួងការបរទេសសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតនិស្សិតកម្ពុជាចំនួន០១រូប នៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាស់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ បំផុតជាមួយគ្រួសារសពជនរងគ្រោះ។

២, តាមរយៈកិច្ចអន្តរាគមន៍ដោយផ្ទាល់និងយកចិត្តទុកដាក់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និស្សិតកម្ពុជាចំនួន០៣រូបត្រូវបាន រំដោះចេញពីតំបន់ប្រយុទ្ធគ្នា និងបានមកដល់ទីតាំងមានសុវត្ថិភាព នៅទីក្រុងតែលអាវីវ រួច ហើយ។ សុវត្ថិភាពរបស់ពលរដ្ឋកម្ពុជាគឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។

៣. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ! និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសតួកគី និង ប្រចាំប្រទេសអេហ្ស៊ីប បាននិងកំពុងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយ និស្សិតនិងពលរដ្ឋកម្ពុជានៅទីនោះ ព្រមទាំងបន្តទំនាក់ទំនងដោយផ្ទាល់និងជិតស្និទ្ធជាមួយ អាជ្ញាធរអ៊ីស្រាអែល ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការផ្ដល់កិច្ចការពារសុវត្ថិភាពជូននិស្សិត និងពលរដ្ឋកម្ពុជាទាំងអស់។

៤. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបន្តអំពាវនាវនិស្សិតនិងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល គោរពនិងអនុវត្តដាច់ខាតតាមការណែនាំរបស់ អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

៥. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖