ភ្នំពេញ៖ យុវជនវ័យ១៧ឆ្នាំម្នាក់ បានទៅដោះម៉ូទ័រចេញពីអណ្ដូងដេីម្បីយកមកបូបទឹកចេញក្នុងបរិវេណផ្ទះដែលត្រូវបានលិចទឹក ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ក្នុងទឹកគួរឱ្យសង្វេគ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ម៉េង គីម ភេទប្រុស អាយុ១៧ឆ្នាំ សិស្សសាលាអង្គការ ផ្នែកជាងជួសជុលម៉ូតូ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់ក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកេីតហេតុ នៅជុំវិញបរិវេណផ្ទះជនរងគ្រោះ គឺមានទឹកលិច ទេីបជនរងគ្រោះបានទៅខ្ចីម៉ូទ័រពីសាច់ញាតិ ដែលកំពុងដាក់ជាប់អណ្ដូងប្រេីប្រាស់ប្រចាំថ្ងៃដោយមិនដឹងថា ខ្សែភ្លើងជាប់និងម៉ូទ័រមានបញ្ហាដាច់រលាត់ឬយ៉ាងណាទេ ស្រាប់តែឆក់ជនរងគ្រោះតែម្ដង តែអំឡុងពេលឆក់នោះគឺមិនមានអ្នកណាម្នាក់នៅក្បែរឬដឹងនោះទេ រហូតប្រហែល៤០នាទីទេីបមីងរបស់ជនរងគ្រោះបានចូលទៅមេីល ស្រាប់តែឃើញជនរងគ្រោះដេកដួលក្បែរម៉ូទ័រតែម្ដង ទេីបមានការឆោឡោថា មានមនុស្សឆក់ខ្សែភ្លើង ដេីម្បីឱ្យអ្នកជិតខាងជួយទៅមេីល និងផ្តាច់ចរន្តភ្លើងផងដែរ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ។
ក្រោយកេីតហេតុ អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចបានចុះទៅកន្លែងកេីតហេតុ ដោយបានពិនិត្យនិងកោលសល្យវិច័យរួចទេីបឱ្យសាច់ញាតិដឹកយកទៅវត្តព្រែកប្រា ដេីម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ