ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញនូវការប្រើប្រាស់សេវាសុខាភិបាលក្រោមមូលនិធិសមធម៌ និងសេវាសុខាភិបាលសារវន្ត» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
សិក្ខាសាលានេះរៀបចំឡើងរយៈពេល ២ថ្ងៃ ដែលបានពិភាក្សាលើកិច្ចការដូចខាងក្រោម៖
– វឌ្ឍនភាពនៃការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល និងសេវាសុខភាពសារវន្ដនៅកម្ពុជាប្រចាំឆមាសទី១ ឆ្នាំ២០២៣
– បញ្ហាប្រឈម និងកំណត់រកដំណោះស្រាយសម្រាប់រៀបចំអន្ដរាគមន៍ ដើម្បីកែលម្អការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ប្រចាំឆមាសបន្តបន្ទាប់។
ឆ្លើយតបនឹងការងារទាំងនេះ លោករដ្ឋមន្ត្រី បានណែនាំ និងផ្តល់អនុសាសន៍ ដល់សមាជិក សមាជិកាទាំងអស់យកចិត្តទុកដាក់៖
– បន្តលើកកម្ពស់សមត្ថភាពស្ថាប័ន, ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រងអង្គភាពគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
– ជម្រុញការផ្តល់សេវាសុខភាពផ្តោតលើការថែទាំសុខភាពបឋមនៅតាមមូលដ្ឋានសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌
– បង្កើនសកម្មភាពអប់រំ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ឱ្យប្រតិបត្តិរបៀបរបបរស់នៅប្រកបដោយសុខភាពល្អ និងស្វែងរកការថែទាំសុខភាពទាន់ពេល
– លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ របបសន្តិសុខសង្គម និងជំនួយសង្គមដែលត្រូវបានកំណត់ដោយគោលនយោបាយ ឬលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល
– ពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលមូលដ្ឋាន ដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រមូលផ្តុំកិច្ចប្រឹងប្រែងរួម និងកៀរគរធនធានសម្រាប់ការកែលម្អសុខភាពប្រជាជន និងកត្តាសង្គម-សេដ្ឋកិច្ចដែលមានបច្ច័យលើសុខភាព។
គួរបញ្ជាក់ផងដែរសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាលក្រសួងសុខាភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក អង្គការដៃគូសុខាភិបាល និងតំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការ និងដៃគូអភិវឌ្ឍន៍សុខាភិបាលសរុបចំនួន ១៧៣រូប ៕
ដោយ ៖ សហការី