ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ឈាង រ័ត្ន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំពោះមរណភាពរបស់ លោក ឈាង រ័ត្ន ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា : របាយការណ៍របស់សមត្ថកិច្ចបានជម្រាបជូន  មានករណីអត្តឃាត(ចងកសម្លាប់ខ្លួនឯង) នៅវេលាម៉ោង១៤:៥០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលេខ១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឈាង រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអគ្គនាយកក្រុមហ៊ុន ។

សមត្ថកិច្ចបញ្ជាក់អំពីរឿងហេតុថា : តាមការបំភ្លឺរបស់ឈ្មោះម៉ៅ សុីវន ត្រូវជាប្អូនថ្លៃជនរងគ្រោះ មុនពេលកើតហេតុនៅវេលាម៉ោង០៨:១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រូបខ្ញុំនិងគ្រួសារបានទៅធ្វើបុណ្យនៅខេត្តព្រៃវែងចំណែកបងថ្លៃរបស់ខ្ញុំឈ្មោះ ឈាង រ័ត្ន បានប្រាប់រូបខ្ញុំថាគាត់មិនបានទៅទេព្រោះគាត់ជាប់រវល់ទៅខេត្តកំពង់ចាមដើម្បីមើលគ្រូចិនសែ។ ពេលខ្ញុំបាទធ្វើដំណើរចេញពីផ្ទះដល់មុខវត្តក្តីតាកុយក៏ភ្លេចសោរផ្ទះហើយបកមកយកសោរវិញពេលមកដល់ផ្ទះម្តាយខ្ញុំបានឃើញសោរផ្ទះនៅក្នុងរថយន្តរួចក៏ធ្វើដំណើរចេញទៅរាងខ្លួន។ លុះរហូតដល់ម៉ោង១៤:៥០នាទី ថ្ងៃ ខែ ឆ្នាំដដែលរូបខ្ញុំបានត្រឡប់មកផ្ទះវិញក៏ឃើញរថយន្តបងថ្លៃរបស់ខ្ញុំចតនៅខាងមុខផ្ទះពេលនោះរូបខ្ញុំបានចាក់សោរចូលក្នុងផ្ទះរួចក៏ដើរទៅក្រោយផ្ទះក៏ប្រទះឃើញបងថ្លៃរបស់ខ្ញុំចងកនិង ខ្សែអង្រឹងជាប់និងជណ្ដើរទ្វារក្រោយផ្ទះរួចរូបខ្ញុំក៏បាន រាយការណ៍ទៅសមត្ថកិច្ចតែម្តង។

– មូលហេតុ:( កន្លងមកសពជនរងគ្រោះធ្លាប់មានវិបត្តិផ្លូវចិត្តលែងលះគ្រួសារថ្មីៗមិនទាន់ដាច់ស្រាច់) ។

– តាមការពិនិត្យរបស់នគរបាលកោសលវិច្ច័យបច្ចេកទេសបានសន្និដ្ឋានថាជនរងគ្រោះខាងលើពិតជាធ្វើអត្តឃាតខ្លួនឯង ( យកខ្សែអង្រឹងចងកខ្លួនឯងពិតប្រាកដមែន។

+បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុខាងលើ ៕

ដោយ ៖ សហការី


ចែករំលែក៖