ខេត្តកំពង់ធំ៖ មិនមានអ្នកចាប់អារម្មណ៍ច្រើនឡើយជុំវិញដំណើរចេញទៅប្រគួតកម្មវិធីកញ្ញាឯកមួយរបស់កញ្ញា កែ ចាន់កេសីនៅលើទឹកដីនៃប្រទេសម៉ាឡេស៊ី រហូតនាងទទួលបានជោគជ័យដោយជាប់ចំណាត់ថ្នាក់1st Runner-up ពីកម្មវិធី Mrs. International 2023 Ambassador ទើបមានការចាប់អារម្មណ៍។ អ្វីដែលអាចធ្វើឲ្យគ្រប់គ្នាស្រក់ទឹកភ្នែកបានគឺនាងបានមកដល់កម្ពុជាភ្លាម នាងបានធ្វើដំណើរទៅកាន់ទឹកដីកំណើតភ្លែតដើម្បីជួប សំពះបំពាក់មកុដឈាងជូនម្តាយ។
តារាម៉ូដែលរាងខ្ពស់ស្រឡះ កែ ចាន់កេសី ជាប់ចំណាត់ថ្នាក់1st Runner-up ពីកម្មវិធី Mrs. International 2023 Ambassador ដែលប្រារព្ធឡើងនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ នេះជាកម្មវិធីប្រកួតប្រជែងសម្រស់លំដាប់អន្តរជាតិលើកទី១ដែល កេសី ចូលរួមប្រកួតប្រជែងបន្ទាប់ពីនាងទទួលបានជយលាភីលេខ២ ក្នុងការប្រកួតកម្មវិធី «កំពូលតារាបង្ហាញកម្ពុជា» រដូវកាលទី១ «Cambodia Next Top Model season1» កាលពីជិត ១០ ឆ្នាំមុន។ ជាជោគជ័យដែលនាងប្រាថ្នា និងជាក្តីស្រមៃនៃការដើរលើវិស័យសិល្បៈ និងជីវិតដ៏កម្សត់មិនមានអ្នកដឹងច្រើន។ អ្វីដែលធ្វើឲ្យគ្រប់គ្នារំជួលចិត្តនៅពេលនេះគឺក្រោយពីនាងមកដល់ទឹកដីកំណើតភ្លាម នាងបានធ្វើដំណើរទៅកាន់ទឹកដីនៃខេត្តកំពង់ធំ ដោយបានទាំងបង្ហាញស្ថានភាពរស់នៅរបស់គ្រួសារនាង គឺការធ្វើដំណើរទៅទាំងយប់ជួបម្តាយក្នុងផ្ទះកម្សត់ ដើម្បីជួបម្តាយ ដោយបានទាំងយកមកុដ និងឈៀងពាក់ជូនម្តាយ និងបានសំពះគោរពអ្នកមានគុណ។ ក្នុងផ្ទះស័ង្កសី ផ្ទាល់ដីដែលមិនមានសម្ភារៈមានតម្លៃអ្វីក្រៅពីទូរទស្សន៍មួយគ្រឿងនោះឡើយ។ នាងបានបង្ហាញសភាពពិតនៃផ្ទះ និងជិវិតរបស់នៅរបស់ក្រុមគ្រួសារបន្ថែមពីអ្វីដែលនាងធ្លាប់ទម្លាយរឿងរ៉ាវលំបានជាច្រើនមុននពេលដែលគេស្គាល់នាងច្រើន។ អ្នកដែលបានឃើញពីទិដ្ឋភាពនេះក៏អាចនឹងមិនជឿ និងថ្លែងក្តីអាណិតទៅកាន់នាងគ្រប់គ្នា ដែលអ្នកខ្លះស្រក់ទឹកភ្នែក ព្រោះក្តីអាណិត និងក្តីរំភើបលាយឡំគ្នានឹងការយកជ័យជម្នះជូនអ្នកមានគុណ និងអាចជាគំរូមួយសម្រាប់មនុស្សជំនាន់ក្រោយថាជីវភាពខ្វះមុខក្រោយមិនមែនជាឧបសគ្គសម្រាប់មនុស្សឈោងចាប់ក្តីស្រមៃលឡើយ។
ភ្ជាប់ដោយវីដេអូនេះនាងបានភ្ជាប់ដោយសំណេរថា៖ មានតែ ពាក្យមួយមាត់ថា អរគុណ ៗៗនឹងពាក្យថា សុំ កមាទោស រាល់កំហុស នេះគឺ ជាក្តីស្រមៃមួយដែលកូនធ្លាប់ស្រមៃ ឥលូវ ម៉ែបានឃើញហើយ តែស្តាយពុក មិននៅ តែសង្ឃឹមពុកបានឃើញដែរចុះ។ សំរាប់អ្នកដែល មិនធ្លាប់ស្រមៃ គឺអារម្មណ៍ខុសគ្នា”។ សារនេះគឺកាន់តែធ្វើឲ្យអ្នកដែលបានឃើញមានអារម្មណ៍ក្តុកក្តួលអួលដើម ក ព្រោះតែនាងអាចបំពេញក្តីស្រមៃរបស់ខ្លួនឯងបានក្រោមការតស៊ូជាច្រើនឆ្នាំ។
ទោះជាយ៉ាងណានាងមិនមានជីវភាពល្អដូចទៅនឹងកេរឈ្មោះដែលនាងទទួលបានដូចពេលនេះនៅឡើយ។ សូមជម្រាបផងដែរថា កែ ចាន់កេសី ជាគ្រូបង្រៀនជំនាញបង្ហាញម៉ូដ សម្បុរខ្មៅស្រអែម ត្រូវបានទស្សនិកជន ស្គាល់ថា ជាបេក្ខនារីទទួលបានជ័យលាភីលេខ២ ក្នុងការប្រកួតកម្មវិធី «កំពូលតារាបង្ហាញកម្ពុជា» រដូវកាលទី១ ដែលមុននេះនាងទទួលរងការនូវការមាក់ងាយមួយចំនួនអំពីសម្បុរ ហើយកន្លងទៅ កេសី រស់បានមកដល់សព្វថ្ងៃ ក៏ដោយសារតែក្ដីអាណិតអាសូរ ពីសំណាក់អ្នកសិល្បៈ អ្នកជួយជ្រោមជ្រែងជីវិតនាង ឲ្យចេះតែដើរទៅមុខជានិច្ច៕
ដោយ៖ វឌ្ឍនា