សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian នឹងចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចមួយ នៅក្នុងតំបន់នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាជម្លោះរវាងអ៉ីស្រាអែល-ប៉ាឡេស្ទីន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ លោក Hossein Amirabdollahian នឹងធ្វើដំណើរទៅកាន់ប្រទេសអ៉ីរ៉ាក់មុន រួចហើយបន្តទៅកាន់ប្រទេសលីបង់។ រីឯឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំលីបង់ បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមយ៉ាងដូច្នេះថា «នៅចំពោះមុខស្ថានការណ៍បច្ចុប្បន្នពាក់ព័ន្ធប៉ាឡេស្ទីន ព្រមទាំងឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តប្រឆាំងតំបន់ Gaza រួមជាមួយផលវិបាកនានាដ៏គ្រោះថ្នាក់ ការបំពេញទស្សនកិច្ចក្នុងតំបន់របស់រដ្ឋមន្រ្តីការបរទេសយើង នឹងចាប់ផ្តើមនៅថ្ងៃនេះ»។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅដល់ទីក្រុងតែលអាវីវដើម្បីបង្ហាញពីការសាមគ្គីភាព ក្រោយការឆ្មក់វាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន នៅអ៉ីស្រាអែលកាលពីចុងសប្តាហ៍មុន។
លោក Blinken ត្រូវបានទទួលស្វាគមន៍នៅព្រលានយន្តហោះទីក្រុងតែលអាវីវ ដោយរដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក អ៉ីឡាយ ខូហិន (Eli Cohen)។ ក្នុងការអត្ថាធិប្បាយ មុនពេលឡើងយន្តហោះឆ្ពោះមកកាន់ប្រទេសអ៉ីស្រាអែល លោក Blinken បានសង្កត់ធ្ងន់អំពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនសម្រាប់អ៉ីស្រាអែល។ លោក Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មាន នាពេលនោះយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកឈរពីក្រោយអ៉ីស្រាអែលជានិច្ច។ ពួកយើងគាំទ្រពួកគេទាំងនៅថ្ងៃនេះ និងនៅថ្ងៃស្អែក ពោលគឺគ្រប់ពេលវេលាទាំងអស់។ យើងបានតាំងចិត្តធានាថា អ៉ីស្រាអែលនឹងទទួលបានអ្វីៗគ្រប់យ៉ាង ដែលពួកគេត្រូវការដើម្បីការពារខ្លួន»។
អំឡុងទស្សនកិច្ចនេះ លោក Blinken នឹងត្រូវជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ស្របពេលដែលអ៉ីស្រាអែល បាននិងកំពុងបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសយ៉ាងសម្បើមលើតំបន់ Gaza ប្រឆាំងនឹងក្រុម Hamas ជាការសងសឹកចំពោះក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។ ចំណែកនៅថ្ងៃសុក្រស្អែក លោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសហ៊្សកដានី ដើម្បីបើកកិច្ចពិភាក្សាជាមួយមេដឹកនាំហ៊្សកដានី និងមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas។ លោក Abbas មានមូលដ្ឋាននៅតំបន់ប៉ាឡេស្ទីនមួយទៀតហៅថា West Bank ខណៈតំបន់ Gaza ស្ថិតក្រោមការគ្រប់គ្រងរបស់ពួក Hamas។ សង្រ្គាមរវាងអ៉ីស្រាអែលនិងហាម៉ាស់ប៉ុន្មានថ្ងៃមកនេះ បានផ្តាច់ជីវិតមនុស្សសរុបកើនដល់ប្រហែល ២,៥០០នាក់ហើយ និងរបួសរាប់ពាន់នាក់ផ្សេងទៀត៕
ដោយ៖ ធីរីណា(រូបថត៖ AFP/TTXVN)