ព័ត៌មានទាន់ហេតុការណ៍៖

ពលករ ,ពលរដ្ឋខ្មែរ​ និងមន្រ្តីរាជការនៅប្រទេសជប៉ុន​ បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងឱឡារឹកតាមប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ សហការជាមួយស្ថានទូតខ្មែរប្រចាំប្រទេសជប៉ុន និងក្រុមការងារពាក់ព័ន្ឋបានរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាមួយប្អូនពលករខ្មែរយ៉ាងសប្បាយរីករាយ បើទោះបីជាបងប្អូននៅក្រៅប្រទេសក៏ឆ្លៀតពេលគោរពប្រតិបត្តិប្រពៃណីជាតិ សាសនាផងដែរ។

លោក សាម៉េន សុខា អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៣​ តុលា​នេះថា​ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ រួមជាមួយអនុព័ន្ឋការងារអមស្ថានទូតបានចូលរួមជួបជុំជាមួយកម្មសិក្សាការី ពលករជំនាញនិងសហគមន៍ខ្មែរពោរពេញដោយភាពសប្បាយរីករាយ ក្នុងនាមជាខ្មែររួបរួមសាមគ្គីគ្នានៅក្រៅប្រទេសពោលគឺបានចំនួន៤ដងនៅតាមបណ្តាវត្តស្ថិតនៅក្នុងខេត្តចំនួនពីរគឺខេត្ត Kanagawa និង ខេត្ត Gifu ប្រទេសជប៉ុន។

កម្មវិធីជួបជុំនោះធ្វើឡើងកាលពីថ្ងៃទី៣០កញ្ញា នៅវត្តបារមីគីរីខេមរាភ្នំបិតាធំ ហៅវត្តលោកយាយជំទាវហេង ក្នុងតំបន់ Isehara ខេត្ត Kanagawa និង នៅថ្ងៃទី០១ តុលានៅខេត្ត Gifu និង ថ្ងៃទី៧ តុលា នៅវត្តខ្មែរសាមគ្គី ក្នុងតំបន់ Aikawa ខេត្ត Kanagawa និងកាលពីថ្ងៃទី៨ តុលា នៅវត្តអង្គរតនៈរង្ស៊ី ក្នុងតំបន់ Aikawa ខេត្ត Kanagawaផងដែរ។

លោក សុខា មានប្រសាសន៍បន្តថា ក្រៅពីការជួបជុំទៅវត្ត លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនក៏បានសំណេះសំណាលសួរសុខទុក្ខ និងណែនាំដល់បងប្អូនកម្មសិក្សាការី និងពលករជំនាញខ្មែរ ឱ្យខិតខំធ្វើការរៀនសូត្រអំពីការងារ ដើម្បីអភិវឌ្ឈសមត្ថភាពជំនាញរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត ត្រូវយកចិត្តទុកដាក់លើការគោរពច្បាប់ជប៉ុនដែលមានធរមាន ។

លោកមានប្រសាសន៍បន្តថា ឯកអគ្គរាជទូតនិងអនុព័ន្ឋការងារក៏បានពន្យល់ពីសារៈប្រយោជន៍នៃសេវាធានារ៉ាប់រងសុខភាព ភាពប្រឈមនឹងផលវិបាកនៃការរត់ខុសច្បាប់ ជាពិសេសកុំជឿតាមពាក្សលួងលោមអូសទាញរបស់មេខ្យល់ ដែលធ្វើឡើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងប៉ះពាល់ដល់ការជ្រើសរើសកម្មសិក្សាការី និងពលករជំនាញខ្មែរពីសំណាក់សមាគមគ្រប់គ្រងជប៉ុន និងលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមថែរក្សាប្រពៃណី ទំនៀមទម្លាប់ខ្មែរ ប្រកាន់អត្តចរិតជាខ្មែរ ទាំងសុជីវធម៌ និងការនិយាយស្តី ជាដើម៕

ដោយ​៖ សហការី​


ចែករំលែក៖