ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ​ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅមណ្ឌល ឬប្រាសាទតូច តម្កល់ព្រះបរមរូបលើសួនច្បារខាងកើតវិមានឯករាជ្យ។

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃគម្រប់ខួប ១១ឆ្នាំ ដែលព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរ:ក្សត្រ ព្រះវរ:រាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២៕

ដោយ ៖សហការី​


ចែករំលែក៖