ព័ត៌មានទាន់ហេតុការណ៍៖

សត្វគោចំ​នួន១៧ក្បាលបានងាប់ដោយសារពុលថ្នាំបាញ់ស្រូវពង្រោះ​ ខណៈម្ចាស់ស្លុតចិត្តជាខ្លាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖​ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ ដោយគោចំនួន ១៧ ក្បាលបានងាប់ក្នុងដីស្រែនៅចំណុចត្រពាំងធ្លក ក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស គ្រាដែលគេមកប្រាប់ម្ចាស់គោថា​ មានគោជាង១០ក្បាលបានងាប់ក្នុងដីស្រែគេ​ កាលពីព្រឹកថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០២៣​ ។ 

    មេឃុំក្តុលសែនជ័យ​ លោក ម៉ឹង វិសាលសុខ ឲ្យដឹងថា​ម្ចាស់គោដែលងាប់ទាំង១៧ក្បាល មានឈ្មោះ ទត សៀងហីម អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ចំណែកដីស្រែដែលគោចូលទៅស៊ីស្រូវពង្រោះរហូតដល់ងាប់១៧ក្បាល មានទីលំនៅ ស្រុករលាប្អៀរ ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវមិនទាន់ដឹងឈ្មោះនៅឡើយ។

    ម្ចាស់គោបានបញ្ជាក់ថា​ គោរបស់គាត់បានងាប់ ចំនួន ១៧ ក្បាល(គោញី៥)ក្នុងចំណោមគោ២២ ក្បាល ។ គាត់បានបញ្ជាក់ថានៅព្រឹកថ្ងៃទី១៤ ខែតុលា ប្អូនប្រុសរបស់គាត់ បានយកគោទៅឃ្វាលដូចសព្វដង ប៉ុន្តែនៅម៉ោងជាង៣រសៀល ប្អូនប្រុសគាត់បានត្រឡប់មកហូបបាយវិញ ដោយលែងគោឱ្យស៊ីស្មៅក្នុងព្រៃ ។ 

    ពេលហូបបាយទៅវិញ ស្រាប់តែរកគោមិនឃើញ ប្អូនប្រុសគាត់ដើររករហូតដល់ព្រលប់  លុះយប់បន្តិចមានគេមកប្រាប់ថា៖ គោគាត់បានងាប់ក្នុងដីស្រែគេ សង្ស័យពុលថ្នាំ គាត់ នាំគ្នាទៅមើល ឃើញគោគាត់ងាប់ ពិតមែន គឺ១៧ក្បាល គាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ហើយបានរក្សាទុកមួយយប់ លុះព្រឹកឡើងទើបសមត្ថកិច្ចនិងមន្ត្រីពេទ្យសត្វចុះទៅពិនិត្យមើល។

      ក្រោយពេលពិនិត្យខ្មោចគោទាំ១៧ក្បាលហើយ មន្ត្រីពេទ្យសត្វខេត្តបានសន្និដ្ឋានថាគោទាំង១៧ក្បាល បានងាប់ ដោយសារពុលថ្នាំមែន ។

      ជុំវិញករណីសត្វគោងាប់រហូត១៧ក្បាលនេះ ត្រូវបានសមត្ថកិច្ច សង្ស័យថាម្ចាស់ស្រែបានបាញ់ថ្នាំ ពុល លើស្រូវពង្រោះ ដើម្បីការពារសត្វចង្រៃស៊ីបំផ្លាញ ដែលពេលនេះសមត្ថកិច្ចកំពុងតែតាមស្វែងរកម្ចាស់ដីស្រែដើម្បីហៅមកសាកសួរបំភ្លឺ។ ទោះយ៉ាងនេះកី្ត លោក ទត សៀងហ៊ីម ហៅប្រុសដែលជាម្ចាស់គោបានសំណូមពរនិងអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធសូមមេត្តាជួយរកយុត្តិធម៌ឲ្យគាត់ផង ព្រោះគោបានងាប់រហូតដល់១៧ ក្បាល គឺជាការខាតបង់ខ្លាំងណាស់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖