ខេត្តពោធិ៍សាត់៖ បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា៖ ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេល នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន៦៤,៤៧១នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ៦៤,៤១៤នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៥៧នាក់។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានគូដបញ្ជាក់ថា នាឱកាសបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី១៥ ខែតុលាម្សិលមិញនេះ សម្រាប់រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់ ទាំង២៨កន្លែង ភ្ញៀវទេសចរមានចំនួន២៣,៤៤៣នាក់ ក្នុងនោះមានទេសចរជាតិមានចំនួន២៣,៤២១នាក់ និងទេសចរអន្តរជាតិ មានចំនួន២២នាក់។
សម្រាប់រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន៦៤,៤៧១នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ៦៤,៤១៤នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៥៧នាក់។ បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា នៃពិធីបុណ្យភ្ជុំ ឆ្នាំ២០២២ ភ្ញៀវទេសចរមានការថយចុះ ៣៣.១៥% (ទេសចរឆ្នាំមុន មានចំនួន៩៦,៤៥២នាក់)។
សូមជម្រាបជូនថា នាឱកាសនោះដែរ ក្រុមការងារមន្ទីរ ក៏បានចុះសហការ និងធ្វើការទំនាក់ទំនងជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល រក្សាតម្លៃផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងថែរក្សាអនាម័យសុវត្ថិភាពចំណីអាហារ និងបរិស្ថាន។ ជាមួយគ្នានោះរាល់តម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវបានដាក់បញ្ជាក់ច្បាស់ៗក្នុងតារាងបញ្ជីតម្លៃ និងបានដាក់ភាសាខ្មែរនៅខាងលើ ភាសាបរទេសនៅខាងក្រោម។
ដោយឡែកចំពោះសភាពការណ៍ទូទៅ តាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានាក្នុងខេត្ត បានប្រព្រឹត្តទៅជាធម្មតាដោយពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ៕
ដោយ៖ សហការី