ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ៖​ បទល្មើសព្រហ្មទណ្ឌ កើតឡើង៣៤លើក ឃាត់ខ្លួនមនុស្ស៣៤នាក់, កើនឡើងបើធៀបឆ្នាំ២០២២​ គិតត្រឹម​៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ បទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេសកម្ពុជា​  ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ​ បានកើតឡើងចំនួន៣៤លើក ក្នុងនោះមនុស្ស៣៤នាក់ត្រូវបានឃាត់ខ្លួន​ ខណៈ​ចំនួននេះមានការកើនឡើងជាង​ ឆ្នាំ២០២២កន្លងទៅនេះ។

លោកអ្នកនាំពាក្យរូបនេះ​ បានថ្លែងបញ្ជាក់បន្ថែមថា បទល្មើសជារួមកើតឡើង ៣៤លើក ធៀបឆ្នាំ២០២២ កើនឡើង១១លើក ស្មើ៤៨% (៣៤/២៣លើក) ក្នុងនោះ បទល្មើសឧក្រិដ្ឋ ថេរ (៣/៣លើក) រីឯបទល្មើសមជ្ឈិម កើន១១លើក ស្មើ៥៥% (៣១/២០លើក)។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងបន្ដថា ក្នុងចំណោមបទល្មើសដែលកើតឡើង សមត្ថកិច្ចបង្រ្កាបបាន ២១ករណី ស្មើ៦២% ឃាត់ខ្លួន៣៤នាក់ ក្នុងនោះ បទល្មើសឧក្រិដ្ឋ ២ករណី ស្មើ១០០% ឃាត់ខ្លួន២នាក់ និងបទល្មើសមជ្ឈិម ១៩ករណី ស្មើ៥៩% ឃាត់ខ្លួន៣២នាក់។

ដោយឡែក ការបង្រ្កាបក្មេងទំនើង ៨/៧ករណី ឃាត់ខ្លួន៣២/២០នាក់ ក្នុងនោះ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ២/១ករណី មនុស្ស ២/១នាក់ និងធ្វើកិច្ចសន្យាអប់រំ ៦/៦ករណី មនុស្ស ៣០/១៩នាក់។

ក្រៅពីនេះ សម្រាប់គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៥៨/៣៤លើក កើន ២៤លើក ស្មើ៧០% បណ្តាលឲ្យមនុស្សស្លាប់ ២២/២៧នាក់ ថយចុះ ៥នាក់ ស្មើ១៨% និងរងរបួស៧៩/៥៧នាក់ កើន២២នាក់ ស្មើ៣៨% បណ្តាលឲ្យខូចម៉ូតូ៥៨គ្រឿង និងរថយន្ត ៣៣គ្រឿង។ គ្រោះថ្នាក់អគ្គិភ័យ កើតឡើង ២/៥លើក ថយចុះ៣លើក ស្មើ៦០% ឆេះផ្ទះ ២ខ្នង៕

ដោយ​៖ សហការី​


ចែករំលែក៖