ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តបានពីស្រុកឱរ៉ាល់ព្យាយាមបើករត់គេច មកជាប់អន្ទាក់នគរបាលក្រុងច្បារមន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនជាជនសង្ស័យលួចរថយន្តម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងច្បារមន សហការជាមួយនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនកសាងសំណុំរឿងចាត់ ការបន្តតាមផ្លូវច្បាប់ ខណៈដែលជនសង្ស័យរូបនោះធ្វើ សកម្មភាពលួចរថយន្តបែនដឹកដី ពីស្រុកឱរ៉ាល់ ពេលមេភ្លៀងម្ចាស់ចតមុខផ្ទះនព្យាយាមរត់គេចខ្លួនមកដល់ក្រុងច្បារមន ទើបនគរបាលឃាត់បាន។

ការឃាត់ខ្លួនយុវជនសង្ស័យលួចម៉ូតូខាងលើនេះបានកាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅមុខវិទ្យាល័យឆាយឆុប ស្ថិតនៅក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៤០ទៅលេខ៤១ ចំណុចក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីចោរកម្ម(លួចរថយន្ត) មួយកើតឡើងដែលមានជនសង្ស័យឈ្មោះ ភន រ៉ែក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ  បានមកធ្វើសកម្មភាពលួចរថយន្ត០១គ្រឿង ម៉ាកនីសាន់ (ជាប្រភេទរថយន្តបែនដឹកដី)ចង្កូតស្ដាំ ក្បាលរថយន្តពណ៌ស្វាយ តួរពណ៌ខៀវ គ្មានផ្លាកលេខ,លេខតួ MK252E00097 លេខម៉ាស៊ីន FE6108971G ផលិតនៅឆ្នាំ1999 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ជឿង ផល្លា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

នគរបាលស្រុកឱរ៉ាល់បានបញ្ជាក់ថា នៅមុនពេលកើត ហេតុជនសង្ស័យលួចរថយន្តខាងលើនេះ គឺម្ចាស់ទុករថយន្តនៅមុខផ្ទះរបស់ខ្លួន ហើយមេឃកំពុងភ្លៀងខ្លាំងពេលនោះម្ចាស់ចេញមកមើលក៏បាត់រថយន្តហើយម្ចាស់បានប្ដឹងរាយការណ៍មកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ។ ក្រោយទទួលបានព័ត៌មាន ភ្លាមៗកម្លាំងសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់បានសហការជាមួយសមត្ថកិច្ចនគរបាលក្រុងច្បារមន ឃាត់ខ្លួនជនសង្ស័យខាងលើ និងរថយន្តបាននៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ៤៩ទៅលេខ៥០ ទល់មុខអនុវិទ្យាល័យឆាយឆុប ស្ថិតនៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នយុវជន ដែលជាជនសង្ស័យលួចរថយន្តរួមជាមួយ និងវត្ថុតាងរថយន្តខាងលើ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺជាបណ្ដោះអាសន្នដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖ សហការី


ចែករំលែក៖