ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះថា៖ មន្រ្តីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ បានចុះប្រតិបត្តិការបង្ក្រាបការលបលួចសង់រោង និងដាំបង្គោលហ៊ុមព័ទ្ធដីព្រៃ បំណងយកធ្វើកម្មសិទ្ធិ ប្រព្រឹត្តដោយអញ្ញតជន ដោយគ្មានការអនុញ្ញាត ស្ថិតក្នុងភូមិសាស្ត្រ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីម្សិលមិញនេះ។ បច្ចុប្បន្ន មន្ត្រីឧទ្យានុរក្សកំពុងបន្តតាមដានស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា នៅថ្ងៃដដែលនេះ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ នៃមន្ទីរបរិស្ថានខេត្តរតនគីរី បានចុះល្បាត ទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចអូអញ្ជក់ ស្ថិតនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានដោះអន្ទាក់ខ្សែគោបានចំនួន ២០ខ្សែ និងឃើញឈ្លូសងាប់ស្អុយរលួយចំនួន១ក្បាល ងាប់ដោយសារជាប់អន្ទាក់ វត្ថុតាងបានយកមករក្សា ទុកនៅស្នាក់ការ ត្រពាំងធ្មៀរ។
ដោយឡែកមន្រ្តីការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង និង ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំការនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ នៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែតុលានេះដែរ បានចុះរៀបចំការងារដាំស្តារព្រៃរេចរឹល ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ លើផ្ទៃដី ទហំ ៥ហិចតា ដោយថ្ងៃនេះមានការភ្ជួររាស់ដី លើកទី ៣ បានប្រមាណ ៥០% និងភ្ជួររាស់បន្ថែម ដើម្បីរៀបចំវាយច្បោះ ជីករណ្តៅដាំកូនឬស្សីពេលខាងមុខ។
ក្រសួងបរិស្ថាន ក៏បានបញ្ជាក់ដែរថា មន្រ្តីឧទ្យានុរក្សនៅក្នុងតំបន់រ៉ាមសារស្ទឹងសែន (ស្នាក់ការផាត់សណ្តាយ) នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានចុះល្បាតឃ្លាំមើលនិងរាប់សត្វ ដល់តំបន់អាថ្មបានជួបសត្វចំនួន ២០ប្រភេទរួមមានៈ អកត្រីចំនួន១ក្បាល ទុងចំនួន ៥ក្បាល ទាវខៀវចំនួន៤ក្បាល ក្អែកទឹកតូចចំនួន១១ក្បាល ទាកាប៉ាព្រៃចំនួន២ក្បាល រំពេរប្រផេះចំនួន ៥០ក្បាល សាររិកាកែវក្របីចំនួន៨ក្បាល កុកខ្មៅថ្លើមអណ្ដើកចំនួន២ក្បាល កុកក្រកចំនួន៨ក្បាល អន្ទេបទងកន្រ្តៃចំនួន៦ក្បាល តុកាគូចំនួន២ក្បាល កញ្ជាក់ស្លាខ្មៅសចំនួន៦ក្បាល មាន់ទឹកចំនួន២ក្បាល រអូតចំនួន២ក្បាល ត្រដៀវក្បាលបៃតងចំនួន១ក្បាល ស្មោញចំនួន១ក្បាល ត្រចៀកកាំចំនួន២០ក្បាល ប្រវឹកចំនួន៦ក្បាល ចាបពួកចំនួន៤ក្បាល និងស្វាព្រាមចំនួន៨ក្បាល៕
ដោយ៖ សហការី