ភ្នំពេញ ៖ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល បានរៀបចំសំណេះសំណាល សួរសុខទុក្ខ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «អាហារូបត្ថម្ភ សុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដល់កុមាររងគ្រោះដោយសារមេរោគអេដស៍ចំនួន ៣០នាក់ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។
ក្នុងឱកាសនោះ លោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានជម្រាបជូនក្មួយៗកុមារអំពីបច្ចុប្បន្នភាពនៃស្ថានភាពមេរោគអេដស៍ ជំងឺអេដស៍ ដែលអត្រាឆ្លងមេរោគអេដស៍នៅកម្ពុជាយើង មាន ៧៥% គឺស្ថិតក្នុងចំណោមយុវវ័យដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ឆ្នាំ។ លោកបណ្ឌិត ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់កុមាររងគ្រោះទាំងអស់ ត្រូវបន្តលេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ ជាប់លាប់ និងត្រឹមត្រូវ ដើម្បីឱ្យបរិមាណមេរោគអេដស៍ក្នុងខ្លួនធ្លាក់ចុះរហូតដល់មិនអាចចម្លងមេរោគអេដស៍ទៅកាន់អ្នកដទៃបាន។
លោកស្រី ហង្ស ណាវី នាយិកាអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម នៃសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានបង្ហាញជូនក្មួយៗកុមារអំពីអាហារូបត្ថម្ភចំពោះសុខភាព ដោយបានបញ្ជាក់ពីសារៈសំខាន់នៃការទទួលទានអាហារទាំង ៣ក្រុម រួមមាន ៖ អាហារឋាមពល អាហារសាងសង់ និងអាហារការពារ។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោក យូ ឡាណា បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានជួបជាមួយក្មួយៗកុមារដែលបានចូលរួមកម្មវិធីនេះ និងបានគូសបញ្ជាក់ថា «ក្មួយៗទាំងអស់ជាទំពាំងស្នងឬស្សី យុវជនគឺជាអ្នកបន្តវេន ហើយដែលបញ្ហានៃការឆ្លងមេរោគអេដស៍នេះ ភាគច្រើនកើតឡើងក្នុងចំណោមយុវជន ដូច្នេះយុវជនត្រូវលើកកម្ពស់ការយល់ដឹងដើម្បីបង្ការខ្លួនពីមេរោគអេដស៍»។
លោក បានជម្រាបជូនពីសារបានរបស់ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះគំរូវីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំ ជាពិសេសការមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ទើបអង្គការសហប្រជាជាតិ បានសម្រេចប្រគល់ជូននូវគោរមងារដ៏ឧត្តុង្គឧត្តមចំនួន២ ជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែម្នាក់គត់នៅក្នុងប្រទេស នោះគឺ ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ទទួលបានថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ទទួលបានថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១។
ទន្ទឹមនឹងនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា ជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌, ការងារអប់រំផ្សព្វផ្សាយ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងនោះមាន ការផ្សព្វផ្សាយពីច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ការអប់រំផ្សព្វផ្សាយខាងផ្នែកសុខភាពស្ត្រីនិងកុមារ សុខភាពមនុស្សចាស់ ជំងឺឆ្លងរាតត្បាតនានា និងជាពិសេសបញ្ហាមេរោគអេដស៍ជំងឺអេដស៍ អាហារូបត្ថម្ភ និងសុខភាពបឋម ដែលជាប្រធានបទផ្តោតនាថ្ងៃនេះ។ បន្ថែមពីនេះ ក្នុងនាមជាសមាជិកទី ៨៥ របស់សហព័ន្ធអន្តរជាតិ, កាកបាទក្រហមកម្ពុជា ក៏បានចូលរួមក្នុងការអនុវត្តធម្មនុញ្ញស្តីពីអាកាសធាតុ និងបរិស្ថាន ដែលក្នុងនេះ កាកបាទក្រហមកម្ពុជា បានចូលរួមជំរុញប្រជាពលរដ្ឋ យុវជន ក្នុងការដាំដើមឈើ និងចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។ លោក បានមានប្រសាសន៍ថា ៖ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក គឺត្រូវទាមទារឱ្យមានការចូលរួមពីយើងទាំងអស់គ្នា ដោយចាប់ផ្តើមអនុវត្ត យកថង់ដែលអាចប្រើប្រាស់ឡើងវិញ ឬថង់បរិស្ថាន សម្រាប់ទិញទំនិញ ឬវេចខ្ចប់អាហារ ដោយចៀសវាងការប្រើថង់ប្លាស្ទិក, ប្រើប្រាស់ដបទឹក ឬបំពង់ទឹកតាមខ្លួនជានិច្ច។ល។
លោក មានការជឿជាក់ថា ក្មួយៗទាំងអស់គឺជាកត្តាលីករយ៉ាងសំខាន់ ដែលនឹងក្លាយជាមិត្តអប់រំមិត្តដ៏ល្អ គឺជាគំរូ សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយបន្ត អំពីចំណេះដឹងនាថ្ងៃនេះ ដល់មិត្តភក្តិដទៃទៀត ក្នុងនាមជាមិត្តអប់រំមិត្ត និងមិត្តជួយមិត្ត។
សូមបញ្ជាក់ថា កុមាររងគ្រោះទាំង ៣០នាក់ បានទទួលវត្ថុអនុស្សាវរីយ៍របស់កាកបាទក្រហមកម្ពុជា ពីគណៈអធិបតី ដែលម្នាក់ៗទទួលបាន សាប៊ូដុសខ្លួន ២ដុំ, កន្សែងពោះគោ ១, ប៊ិក ២ដើម និងសៀវភៅ ៥ក្បាល៕
ដោយ ៖ សហការី